អយ្យការអមសាលាដំបូងខេត្តតាកែវ បានរៀបចំបើកកិច្ចប្រជុំជាមួយ មន្ត្រីនគរបាលយុត្តិធម៌
AKP តាកែវ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ -- សាលាដំបូងខេត្តតាកែវ បានរៀបចំបើកកិច្ចប្រជុំរវាងអយ្យការអមសាលាដំបូងខេត្តតាកែវ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ សម្រាប់ត្រីមាសទី១ឆ្នាំ2025។

កិច្ចប្រជុំកាលពីថ្ងៃទី៣ខែមេសាឆ្នាំ២០២៦ នៅសាលប្រជុំ ក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងគុណភាពមន្ត្រីនគរបាលយុត្តិធម៌ សំដៅបង្កើនប្រសិទ្ធភាព តម្លាភាព នៃការអនុវត្តតួនាទីរបស់មន្ត្រីនគរបាលយុត្តិធម៌ ស្របតាមបរិបទនៃកំណែទម្រង់ច្បាប់និងយុត្តិធម៌។អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនោះដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ លោកអនុប្រធានសាលាដំបូងខេត្តតាកែវ លោកលោកស្រីព្រះរាជអាជ្ញារង លោកស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវ លោកឧត្តមអគ្គានុរក្ស អនុប្រធានពន្ធនាគារខេត្តតាកែវ លោកអធិការអធិការរងក្រុង-ស្រុក និងមន្ត្រីនគរបាលយុត្តិធម៌ជាច្រើនរូបចូលរួមផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវធ្វើការប្រកបដោយការទទួលខុសត្រូវខ្ពស់ និងចាត់ទុកកាទទួលខុសត្រូវប្រៀបដូចជាភារកិច្ចរបស់ខ្លួនផងដែរ។មន្ត្រីនគរបាលយុត្តិជាសេនាធិការជួយដល់អយ្យការ ក្នុងការកសាងសំណុំរឿង។ហើយសំណុំរឿងដែលមានភាពរឹងមាំ គឺវាអាស្រ័យទៅលើចម្លើយរបស់ជនសង្ស័យអ្នកពាក់ព័ន្ធនិងភស្តុតាងជាដើម។

ឯកឧត្តម ឯក ឆេងហួត បានមានប្រសាសន៍បន្តថា ការងារទាំងអស់នេះមិនត្រូវធ្វើឲ្យរួចតែពីដៃនោះទេ ហើយក៏មិនត្រូវគិតថារឿងទាំងអស់នេះ ជាផលប្រយោជន៍របស់តុលាការនោះដែរ។ព្រោះនៅពេលតុលាការដោះលែងជនសង្ស័យ ថាអត់មានភស្តុតាងគ្រប់គ្រាន់ មន្ត្រីនគរបាលយុត្តិធម៌ក៏អាចធ្វើការតវ៉ាបានដែរ។
ឯកឧត្តម ឯក ឆេងហួត បានមានប្រសាសន៍បន្ថែមថា រាល់សំណុំរឿងដែលចៅក្រមនិងព្រះរាជអាជ្ញាចាត់ការ មានភាពប្រក្រតីឬមិនប្រក្រតី វាអាស្រ័យទៅនឹងការត្រួតពិនិត្យរបស់ក្រសួងយុត្តិធម៌ និងអធិការកិច្ចរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម។ដើម្បីដាក់ពិន័យចៅក្រមឬព្រះរាជអាជ្ញា ដែលអនុវត្តន៍មិនត្រឹមត្រូវតាមច្បាប់ នេះជារឿងរបស់ចៅក្រមឬព្រះរាជអាជ្ញា។ចំណែករឿងមន្ត្រីនគរបាលយុត្តិធម៌ ត្រូវតែអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវផងដែរ។ហើយបើមានការអនុវត្តមិនត្រឹមត្រូវនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ព្រោះវាដល់ពេលវះកាត់ហើយ។
បើតាមរបាយការណ៍របស់សាលាដំបូងខេត្តតាកែវក្នុងឆ្នាំ2024-2025 តុលាការខេត្តតាកែវទទួលបានសំណុំរឿងជាង1 000សំណុំរឿង ហើយបានចាត់ការអស់ជាច្រើនសំណុំរឿង ដោយនៅសល់តែសំណុំរឿងប្រមាណ80សំណុំរឿងប៉ុណ្ណោះ៕
ដោយ៖អ៊ុច សៀង





