ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤
AKP ព្រះសីហនុ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥--ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក សាមុត សុធារិទ្ធ អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលា ខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ នាយកទីចាត់ការ-អង្គភាព ការិ យាល័យចំណុះសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមេសា ឆ្នាំ២០២៥។

កិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន០៦ លើកយកមកពិនិត្យ និងពិភាក្សារួមមាន៖ ១. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ៣. ពិនិត្យ ពិភាក្សា និងអនុ ម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៥ ស្តីពីការ អនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២១ ខែកុម្ភះឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥)។ ៤. ស្តាប់របាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត គណៈកម្មាធិការលទ្ធកម្មខេត្ត គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត ការិយាល័យប្រជាពលរដ្ឋខេត្ត។ ៥. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្តព្រះសីហនុប្រចាំខែមីនា ឆ្នាំ២០២៥ និង៦.បញ្ហាផ្សេង។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធរួចមក ឯកឧត្តម វង្ស ផាណាត បានធ្វើការវាយតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធតាមប្រតិទិន្នការងារ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា និងឈានធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ មានការរីកចម្រើន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលពី៧ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាពិសេសការយកចិត្តទុកដាក់ជំរុញជាប់ជាប្រចាំនូវការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាបំណងប្រាថ្នារបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ពិសេសទីវត្តអារាមនានាក្នុងខេត្ត បន្តយកចិត្តទុកដាក់បង្កើតនូវកម្មវិធីសង្ក្រានឆ្នាំថ្មី ប្រពៃណីខ្មែ ឆ្នាំម្សាញ់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ ពិសេសនៅតាមតំបន់ទេសចរណ៍ក្នុងខេត្ត ត្រូវរៀបចំកម្មវិធីកម្សាន្តសម្បាយៗឱ្យបានច្រើន ដើម្បីទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ។ ទន្ទឹមនឹងរៀបចំកម្មវិធីសង្ក្រានឆ្នាំថ្មី យើងក៏មិនត្រូវភ្លេចពីការរៀបចំសន្តិសុខ សុវត្ថិភាពសាធារណៈឱ្យបានកាន់តែល្អបន្ថែមទៀត ក្នុងការចូលរួមសម្រួលចរាចរណ៍នៅតាមចំណុចគោលដៅសំខាន់ៗក្នុងខេត្ត ត្រូវរៀបចំកែលម្អសោភ័ណភាព អនាម័យ បរិស្ថានឱ្យកាន់តែល្អប្រសើរ សម្រាប់ទទួលភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគិន មកកម្សាន្ត ស្នាក់នៅខេត្តព្រះសីហនុ ឱ្យបានយូរ បង្កើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គមកាន់តែល្អប្រសើរ៕

ដោយ ងូ សុមុនី





