សង្ក្រាន្តគីរីរម្យផាញរីស៊តត្រៀមបម្រើភ្ញៀវជាតិ និងអន្តរជាតិក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ
AKP កំពង់ស្ពឺ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥-- លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តសង្ក្រាន្តគិរីរម្យផាញរីស៊តឱ្យបានច្រើនកុះករក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។ រមណីយដ្ឋាន វីគិរីរម្យ ផាញរីស៊ត ស្ថិតនៅក្នុងឧទ្យានជាតិគិរីរម្យ ដែលមានផ្ទៃដីធំល្វឹងល្វើយបានក្លាយជាចំណុចចាប់អារម្មណ៍មួយសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តមិនអាចរំលងបាន។ គិរីរម្យផាញរីស៊តក៏មានទេសភាពដ៏ស្រស់ស្អាត ហ៊ុំព័ទ្ធដោយព្រៃស្រល់ពណ៌បៃតងខ្ចី លាយឡំ ជាមួយខ្យល់ធម្មជាតិ ពិតជាទីតាំងល្អឥតខ្ចោះសម្រាប់ដំណើរកម្សាន្ត។

វីគិរីរម្យ ផាញរីស៊ត មាន ផ្ទះស្នាក់ជាច្រើនប្រភេទដូចជា ផ្ទះវីឡា បឹងកាឡូ ផ្ទះលូ ផ្ទះខ្មែរ តង់ទំនើប និង តង់ធម្មតា ដោយតម្រូវតាមចំណង់ចំណូលចិត្តទេសចរដែលចង់មកសម្រាក លម្ហែររំលាយភាពតានតឹង និងសកម្មភាពកម្សាន្តផ្សេងៗជាច្រើន។ ក្រៅពីផ្ទះស្នាក់នៅដ៏ស្រស់ស្អាត និងប្លែកៗជាច្រើនប្រភេទ វីគីរម្យក៏មានកម្មវិធីសម្រាប់ភ្ញៀវទេសចរមកកម្សាន្តសប្បាយ ជាច្រើនដូចជា ការជិះកង់ ការជិះគោយន្ត ដើរព្រៃ គយគន់ ទេសភាពព្រៃឈើ ដើរឆ្លងខ្សែរ៉ត រត់លេង ហែលទឹក ជាដើម។

រមណីយដ្ឋានក៏មានប្រព័ន្ធអគ្គិសនី បណ្តាញទឹកស្អាត និងWifi សម្រាប់ប្រើប្រាស់ដោយសេរី រួមទាំងភោជនីយដ្ឋាន ដែលបម្រើអាហារជាច្រើនមុខ មានរសជាតិឆ្ងាញ់ ចេញពីថ្វីដៃចុងភៅដែលមានបទពិសោធន៍យូរឆ្នាំ៕


ដោយ លឹម សាន្ត





