លោក សាយ គឹមឡម៖ ពុទ្ធចក្រ និងអាណាចក្ររីកចម្រើនរុងរឿងទៅបានដោយសារកត្តាសុខសន្តិភាព
AKP កំពង់ធំ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងថា ពុទ្ធចក្រ និងអាណាចក្ររីកចម្រើនរុងរឿងទៅបានដោយកត្តាសុខសន្តិភាពក្នុងឱកាសលោក និងសហការី ព្រមទាំងព្រះមន្ត្រីសង្ឃស្រុកស្ទោង អញ្ជើញ និងនិមន្តជាគណៈអធិបតី និងព្រះគណៈធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងរបង និងសមិទ្ធផលនានាក្នុងវត្តប្រាសាទស្វាយជ្រុំ ស្ថិតនៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។

លោក សាយ គឹមឡម បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាជាធាតុចូលដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គម និងលើកកម្ពស់វិស័យអប់រំជាពិសេសព្រះពុទ្ធសាសនាបានអប់រំយុវជនយុវនារីឱ្យងាកមកចាប់អារម្មណ៍ នឹងការសិក្សារៀនសូត្រមានសីលធម៌គុណធម៌ប្រកបដោយពុទ្ធិខ្ពស់ក្នុងការរស់នៅដើម្បីក្លាយជាទំពាំងដ៏រឹងមាំតបស្នងដល់សង្គមជាតិមាតុភូមិ។

លោក សាយ គឹមឡម បានបន្តថា សមិទ្ធផលថ្មីៗដែលកើតឡើងទាំងនេះបានបង្ហាញអំពីការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រដោយការរីកចម្រើនទាំងនេះ បានមកពីការលះបង់សាច់ស្រស់ ឈាមស្រស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនឆ្នើមជាច្រើនរូបទៀតដែលខិតខំរកសន្តិភាព និងឯកភាពជាតិខ្មែរគួបផ្សំនឹងការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលស្រុកបានជម្រាបដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតាទាំងអស់ត្រូវគិតគូរខ្ពស់អំពីអនាម័យ និងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តហើយអាជ្ញាធរមូលដ្ឋានត្រូវតែគិតគូរអំពីសុខទុក្ខ សុខុមាលភាពបងប្អូនប្រជាពលរដ្ឋ និងសហការគ្នាឱ្យបានល្អរវាងមន្ត្រីរាជការដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យបានរីកចម្រើនជាបន្តបន្ទាប់ទៀត និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមរួមចំណែកក្នុងការការពារបរិស្ថានធនធានធម្មជាតិផ្សេងៗ និងចូលរួមដាំដើមឈើឱ្យបានច្រើនដើម្បីការពារបរិស្ថានពីគ្រោះធម្មជាតិគ្រប់ប្រភេទដែលបង្កឱ្យមានមហន្តរាយវិនាសកម្មនិងការខូចខាតសំណង់អគារផ្សេងៗជាយថាហេតុ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានស្នើដល់អាជ្ញាធរដែលពាក់ព័ន្ធសូមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយឱ្យបានខ្ពស់ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនបងប្អូនទាំងអស់គ្នា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ហើយបងប្អូនទាំងអស់គ្នាសូមចូលរួមសង្ក្រាន្តរដ្ឋបាលស្រុកស្ទោងឱ្យបានច្រើនកុះករ ខណៈដែលរដ្ឋបាលស្រុកស្ទោងបានកំពុងនឹងបន្តការរៀបចំ តុបតែង លម្អស្ពានទាំងបីនិងទីសាធារណៈដើម្បីជាទីចាប់អារម្មណ៍នៃភ្ញៀវទេសចរ។
ក្នុងឱកាសនោះគណៈធិបតី និងព្រះគណអធិបតីបានចូលរួមបច្ច័យចំនួន២លាន៥៧ម៉ឺនរៀលក្នុងពិធីបុណ្យផងដែរ៕
ដោយ ស៊ុម វណ្ណា





