ឧត្តមសេនីយ៍ទោសោមស៊ុនចុះត្រួតពិនិត្យទីតាំងត្រៀមលក្ខណៈបញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥-- ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កាលពីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីទៅត្រួតពិនិត្យនិងបោះបង្គោលព្រំទីតាំងដីសម្រាប់ត្រៀមរៀបចំពិធីបញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីនិរន្តរភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាក្នុងការបម្រើ និងដោះស្រាយបញ្ហាទូទៅជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយបានការឯកភាពពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដោះស្រាយដីមួយកន្លែងដែលមានទំហំសមស្របក្នុងការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំដែលមានទីតាំងស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលនឹងត្រូវដំណើរការរៀបចំពិធីបញ្ចុះបឋមសីលាសាងសង់នៅពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជននៅខេត្តកំពង់ធំមានចំនួនជិត៤ពាន់គ្រួសារ និងដោយឡែកមានអ្នកនៅក្នុងបន្ទុកមានចំនួន ជិត៥ពាន់នាក់ផ្សេងទៀតហើយកន្លងមកនេះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ដីសម្បទានសង្គមកិច្ច និងផ្ទះថ្មីជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលគ្មានដី និងគ្មានផ្ទះរស់នៅសមរម្យបានចំនួន២០៦ក្បាលដី និងខ្នងផ្ទះដោយបានរៀបចំភូមិអតីតយុទ្ធជន នៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំរួចមកហើយ។ ក្រៅពីនោះទៀតអតីតយុទ្ធជន ដែលមានដីហើយគ្មានផ្ទះឬមានផ្ទះរស់នៅមិនសមរម្យចំនួន២៤៦គ្រួសារទៀត ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា សាងសង់ផ្ទះជូនគាត់នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ក្រោមការជួយឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជារួចមកហើយ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានជួយដោះស្រាយដីសម្រាប់ដំណើរការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅពេលនេះនិងបានគោរពជូនពរឯកឧត្តម និងលោកជំទាវ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





