មន្ទីរសុខាភិបាលខេត្តព្រះវិហារបិទសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
AKP ព្រះវិហារ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥-- លោក មិន ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ត្រូវប្រកាន់យកកម្មវិធីផ្តល់ឈាមឱ្យបានជាប់ជាប្រចាំ បើទោះបីតទៅមុខទៀតខេត្តព្រះវិហារ មានការប្រែប្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំខេត្តក៏ដោយ សុំឱ្យរក្សាកម្មវិធីផ្តល់ឈាមនេះ ឱ្យមាននៅក្នុងខេត្តជារៀងរហូត។

ការថ្លែងរបស់លោក មិន ស៊ីថា បានធ្វើឡើងក្នុងឱកាសដែលលោកតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងការអញ្ជើញបិទសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព អង្គការដៃគូពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណដល់លោក លោកស្រី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងសន្និបាត បានផ្តល់នូវធាតុចូលជាច្រើន សម្រាប់ឱ្យមន្ទីរសុខាភិបាលប្រមូលយកនូវធាតុចូលរៀបចំនៅផែនការសកម្មភាព សម្រាប់អនុវត្តបន្តនៅក្នុងឆ្នាំ២០២៥ ដើម្បីឱ្យការផ្តល់សេវា សុខភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ កាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយការបើកសន្និបាតនេះ ក៏បានរកឃើញបញ្ហាប្រឈមមយយចំនួនទៀត ដែលទាមទាដល់អាជ្ញាធរខេត្តជួយអន្តរាគមន៍និងសហការដោះស្រាយជូន ដើម្បីឱ្យដំណើរការរបស់មន្ទីរសុខាភិបាលកាន់តែមានប្រិសិទ្ធភាពថែមទៀត។
លោក មិន ស៊ីថា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងគ្រូពេទ្យទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ប្រកបដោយមនសិការវិជ្ជាជីវៈទទួលខុសត្រូវខ្ពស់ និងសូមថ្លែងអំណរគុណចំពោះកិច្ចសហការ ក្នុងការគាំទ្រទាំងផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ ពីសំណាក់ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងបណ្តាលវិស័យពាក់ព័ន្ធនានា ដែលកន្លងមកបានចូលរួមសកម្មនៅក្នុងសកម្មភាពសុខាភិបាល និងការងារមនុស្សធម៌ ដើម្បីចូលរួមចំណែកនៅក្នុងវិស័យសុខាភិបាល លើកកម្ពស់ខឿនសុខភាពនិងសង្គ្រោះអាយុជីវិតប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៍សម្បុរ រហូតសម្រេចបានសមិទ្ធផលជោគជ័យជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសលើការរៀបចំយុទ្ធនាការផ្តល់ឈាមដើម្បីសង្គ្រោះជីវិត បានរួមចំណែកសំខាន់ក្នុងការកាត់បន្ថយអត្រាមរណៈភាពអ្នកជំងឺ អត្រាមរណភាពម្តាយ និងទារក ជំងឺឆ្លង ជំងឺមិនឆ្លងផ្សេងៗទៀត។

លោកបានមានប្រសាសន៍បន្តថា នៅក្នុងពិធីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ត្រូវឱ្យមន្ត្រីប្រចាំការជាប្រចាំតាមមណ្ឌលនីមួយៗ លើកកម្ពស់សមត្ថភាពនិយ័តកម្ម ទាំងនូវមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ត្រូវទទួលខុសត្រូវក្នុងការផ្តល់សេវាសុខាភិបាល ពង្រឹងប្រព័ន្ធអង្កេតតាមដាន ដើម្បីឆ្លើយតបគ្រោះអាសន្នផ្នែកសុខភាពសាធារណៈឱ្យស្របតាមច្បាប់លក្ខខណ្ឌសុខភាព ពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ក្រមសីលធ៌វិជ្ជាជីវៈ និងឥរិយាបថនៃការផ្តល់សេវា ជាពិសេសរៀបចំផែនការធនធានមនុស្សសុខាភិបាល ការពង្រាយបុគ្គិលសុខាភិបាល មានជំនាញច្បាស់លាស់ទៅកាន់ទីជនបទ៕
ដោយ ទិត ស្រ៊





