ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ កត្តាសុខសន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ
AKP កំពង់ចាម ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥--
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថាកត្តាក៏សំខាន់គឺកត្តាសុខសន្តិភាព បើគ្មានសុខសន្តិភាពទេ យើងក៏គ្មានឱកាសធ្វើការ អភិវឌ្ឍន៍ប្រទេសជាតិនិងការសម្រេចផែនការ ដែលយើងដាក់ការអភិវឌ្ឍប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយនៅ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់នោះគឺមិនអាចសម្រេចបានឡើយ។ ការចូលរួមថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋនៅជាកត្តាគ្រឹះនាំឱ្យយើងសម្រេចបានតាមផែនការ។

ឯកឧត្តមអភិសន្តិបណ្ឌិតបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារ១ខ្នង កម្ពស់២ជាន់ មាន១៤បន្ទប់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្ដមអភិបាលខេត្តខេត្តត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង និងកំពង់ឆ្នាំង និងស្នងការ ស្នងការរងនៃខេត្តជាប់ព្រំប្រទល់ផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់ថា កត្តាសុខសន្តិភាពនេះហើយជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិពិសេសនៅមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ បើគ្មានសុខសន្តិភាពទេយើងក៏គ្មានឱកាសធ្វើការអភិវឌ្ឍប្រទេសជាតិបានដែរ។ ដូចនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ បន្តថែរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋពិសេសការពារនូវសមិទ្ធផល ដែលសម្រេចបានគ្រប់កាលៈទេសៈដែលថ្នាក់ដឹកនាំបានចង្អុលបង្ហាញ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំ និងជំរុញដល់ស្នងការនគរបាលខេត្តបន្តខិតខំប្រឹងប្រែងបន្ថែមទៀតអនុវត្តឱ្យបានគត់មុតនូវបទបញ្ជា សេចក្តីណែនាំលិខិតបទដ្ឋានគតិយុត្តទាំងឡាយណាដែលស្ថិតនៅជាធរមាន ដើម្បីការពារសន្តិភាពស្ថិរភាពនយោបាយការពារ បូរណភាពទឹកដី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប៉ិនប្រសព្វ និងវៃឆ្លាតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាយើង។ បន្តរក្សាសណ្តាប់ធ្នាប់ សាធារណៈ ក្នុងនោះអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ព្រោះវាជាមូលដ្ឋានគ្រឹះនៃការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។បន្តទប់ស្កាត់និងបង្ក្រាបក្មេងទំនើង។ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។អប់រំ ផ្សព្វផ្សាយនិងបង្ក្រាបការជួញដូរគ្រឿងញៀន និងច្បាប់ចរាចរណ៍ពិសេសការត្រៀមជាស្រេចនូវការអន្តរាគមន៍ក្នុងករណីមានឧបទ្ទវហេតុអសកម្មណាមួយកើតឡើងពិសេសក្នុង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងខាងមុខ និងត្រូវរក្សាសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះប្រកបដោយក្តីសប្បាយរីករាយ ក្រោមប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនៃប្រទេសយើង៕
ដោយ ឆាយ ម៉ុត





