ឯកឧត្តម អ៊ុន ចាន់ដា៖ ឆ្នាំ២០២៥ ខេត្តកំពង់ចាមនឹងមានទំហំសេដ្ឋកិច្ចកើនដល់២៨៦៧លានដុល្លា
AKP កំពង់ចាម ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥--
ក្នុងសុន្ទរកថាស្វាគមន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅអគាររដ្ឋបាល និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់នៃស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី០២ មេសាឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា តាមការព្យាករណ៍ និងរំពឹងទុកនៅឆ្នាំ២០២៥ ខេត្តកំពង់ចាម មានទំហំសេដ្ឋកិច្ចនឹងកើនដល់២.៨៦៧លានដុល្លា និងមានGDP មនុស្សម្នាក់ៗនឹងកើនដល់២.៤៧៨ដុល្លាក្នុងមួយឆ្នាំ ព្រោះជាក់ស្តែងនៅឆ្នាំ២០២៤ ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានកំណើន ៨,៦% ស្មើនឹង ២.៦៥៧លានដុល្លារ ក្នុងនោះ វិស័យកសិកម្មមានទំហំ ១.០៣៤លានដុល្លា វិស័យឧស្សាហកម្មមានទំហំ ៨៥៧លានដុល្លា និងវិស័យសេវាកម្មមានទំហំ៧៦៦លានដុល្លា និងមាន GDP សម្រាប់មនុស្សម្នាក់ៗ ចំនួន ២.៣១១ដុល្លារ ក្នុងមួយឆ្នាំ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា កត្តាសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានបន្តរក្សាបាននូវស្ថេរភាពនយោបាយ សេដ្ឋកិច្ច សង្គមមានការអភិវឌ្ឍន៍លើគ្រប់វិស័យដែលធ្វើឱ្យប្រជាជន មានជីវភាពធូរធារ បន្ថែមពីនេះ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតរួមមាន ផ្លូវ ថ្នល់ ស្ពាន បានតភ្ជាប់ពីជនបទ មកទីប្រជុំជនបានគ្រប់ទីកន្លែង មានមន្ទីរពេទ្យ សាលារៀន វត្តអារាម ដែលបម្រើ ប្រជាជន គ្រប់តម្រូវការ ធ្វើឱ្យខេត្តកំពង់ចាម ទទួលបានការអភិវឌ្ឍ និងរីកចម្រើន គួរឱ្យកត់សម្គាល់ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចខេត្តសម្រេចដូចក្តីរំពឹងទុក៕

ដោយ ឆាយ ម៉ុត





