សង្ក្រាន្តវិទ្យាល័យព្រះបិតាជាតិបង្ហាត់បង្ហាញផ្សព្វផ្សាយនំចំណី ម្ហូបអាហារ របាំ និងល្បែងប្រជាប្រិយខ្មែរ
AKP កំពត ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥--
សង្ក្រាន្តឆ្នាំថ្មីនៅវិទ្យាល័យព្រះបិតាជាតិត្រូវបានប្រារព្ធធ្វើឡើងយ៉ាងសប្បាយរីករាយ ក្រោមអធិបតីភាពរបស់លោក អូន ខន អភិបាលស្រុកកំពង់ត្រាច នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ ហើយនំចំណី ម្ហូបអាហារជាច្រើនមុខចម្អិនដោយដៃសិស្សានុសិស្សបានដាក់តាំងបង្ហាញ ខណៈរបាំប្រពៃណីសំខាន់ៗក៏ត្រូវយកមក សម្តែងផងដែរ។ សិស្ស គ្រូបង្រៀន និងអាជ្ញាធរថាសង្ក្រាន្តវិទ្យាល័យជួយបង្ហាត់បង្ហាញ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិខ្មែរ។

សិស្សានុសិស្សដែលចូលរួមក្នុងកម្មវិធីសង្ក្រាន្តវិទ្យាល័យព្រះបិតាជាតិ នៅស្រុកកំពង់ត្រាច ខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ដែលវិទ្យាល័យរបស់ពួកគេ បានរៀបចំធ្វើសង្ក្រាន្តឆ្នាំថ្មីធំ និងល្អជាងឆ្នាំមុន ដោយផ្តល់ជូននូវភាពសប្បាយប្រកបដោយអត្ថន័យ សម្រាប់ឱ្យសិស្សានុសិស្ស ពិសេសក្មេងជំនាន់ក្រោយ ត្រូវរៀនឱ្យចេះ ឱ្យចាំ និងថែរក្សាទំនៀមទម្លាប់ប្រពៃណី ល្បែងរបាំប្រជាប្រិយរបស់ដូនតាដែលបានបន្សល់ទុកជាយូរណាស់មកហើយ។ ពួកគេបន្តថា តាមរយៈសង្ក្រាន្តឆ្នាំថ្មីនៅវិទ្យាល័យព្រះបិតានេះ បានបង្ហាត់ និងបង្ហាញដល់ពូកគេអំពីរបៀបធ្វើនំចំណី ការលេងល្បែងប្រជាប្រិយ និងការរាំរបាំត្រុដិ របាំជូនពរ របាំនារីជាជួរ និងរបាំរស្មីដួងចន្ទជាដើម។

នាយកវិទ្យាល័យព្រះបិតាជាតិ លោក អ៊ុង សុភាព បានឱ្យដឹងថាឆ្នាំនេះ ការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅវិទ្យាល័យធ្វើបានធំ និងល្អជាងឆ្នាំមុន បង្កើតបានជាទស្សនីយភាពសីល្បៈ និងបរិយាកាសដ៏សប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ ការរៀបចំសង្ក្រាន្តវិទ្យាល័យឆ្នាំនេះ ផ្សោតទៅលើចំណុចសំខាន់ចំនួន៤ មាន៖ វប្បធម៌ ប្រពៃណី យុវជន និងការអភិវឌ្ឍ។
នៅក្នុងឱកាសនោះដែរ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច ក៏បានសម្តែងសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះសង្ក្រាន្តឆ្នាំថ្មីនៅវិទ្យាល័យព្រះបិតាជាតិ ដែលមានចរិតលក្ខណៈបង្ហាញពីវប្បធម៌ប្រពៃណីខ្មែរ ឆ្លើយតបតាមការចង់បាន របស់ថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តម ម៉ៅ ធនិន ដែលចង់ឃើញ ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន ពិសេសក្មេងៗជំនាន់ក្រោយ រក្សាបាននូវវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ។

ទន្ទឹមនឹងនេះ លោកបានរំលេចផងដែរថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីនេះ ស្រុកបានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនកន្លែង នៅតាមតំបន់រមណីយដ្ឋាន និងវត្តអារាមនានាទូទាងស្រុក និងបានអំពាវនាវដល់យុវជន សូមកុំលេងអ្វីដែលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ពិសេសការលេងគប់ទឹកដាក់គ្នាជាដើម៕
ដោយ ប្រាក់ លាង





