តំបន់ប្រតិបត្តិការសឹករងបាត់ដំបងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥--
នៅទីបញ្ជាការវរសេនាតូចលេខ៥៥១ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានរៀបចំពិធីបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ។

ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ត្រី ភើយ លំអង បានដាក់ចេញនូវផែនការ ត្រូវយកចិត្តទុកដាក់បន្តពង្រឹង និងសហការលើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ បន្តយកចិត្តទុកដាក់ថែរក្សាអាវុធគ្រាប់ ពង្រឹងកាងារកសាងលើគ្រប់វិស័យ និងលេណដ្ឋានគ្រប់ប្រភេទ ដើម្បីឆ្លើយតបនឹងតម្រូវការចំពោះមុខ ព្រមទាំងបន្តទប់ស្កាត់រាល់បទល្មើសខុសច្បាប់គ្រប់ប្រភេទ បន្តជំរុញតាមបណ្តាអង្គភាពអប់រំផ្សព្វផ្សាយដល់យោធិនគ្រប់រូប ទប់ស្កាត់រាល់បទល្មើសតាមខ្សែបន្ទាត់ព្រំដែន និងរក្សាឱ្យបានសាមគ្គីភាពផ្ទៃក្នុងល្អ ពិសេសរួមគ្នាការពារថែរក្សាឱ្យបានដាច់ខាតនូវសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី។

ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានបំពាក់គ្រឿងឥស្សរិយយស និងប្រគល់បណ្ណសរសើរ លិខិតសរសើរ ដល់អង្គភាព និងបុគ្គលដែលមានស្នាដៃល្អក្នុងឆ្នាំកន្លងមកផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





