ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ទទួលជួបអនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥--
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ទោ ខៃ សាល់មែន (Kyle Saltzman) អនុព័ន្ធយោធាអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលថ្មីៗនេះ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលតែងតែបញ្ជូនថ្នាក់ដឹកនាំកំពូល មកដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការរបំពេញទស្សនកិច្ចទាំងផ្លូវការ និងមិនផ្លូវការ ក្នុងការប្រាស្រ័យគ្នា ដើម្បីពង្រឹងចំណងមិត្តភាព នៃប្រទេសយើងទាំងពីរ។ ឥឡូវនេះក្រសួងការពារជាតិកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការគ្នា ហើយឯកឧត្តមជឿជាក់ថា ក្នុងឆ្នាំ ២០២៥ និងឆ្នាំខាងមុខតទៅទៀត យើងនឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិកជាមួយកម្ពុជា ឱ្យបានល្អប្រសើរថែមទៀត។

លោក វរសេនីយ៍ទោ Kyle Saltzman អនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជា បានថ្លែងអំណរគុណ សម្រាប់ការជួយគាំទ្រពីរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលស្វាគមន៍ គណៈប្រតិភូកងទ័ពអាមេរិក ក៏ដូចជាការចូលចតនាវារបស់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងដែនសមុទ្រកម្ពុជា នាឆ្នាំកន្លងមក។ លោកវរសេនីយ៍ទោបានសន្យាថា និងបន្តធ្វើយ៉ាងណា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី របស់យើងឲ្យកាន់តែល្អប្រសើរ។ លោកវរសេនីយ៍ទោ Kyle Saltzman ក៏បានជូនដំណឹងផងដែរថា នាពេលឆាប់ៗខាងមុខនេះ នឹងមានមន្ត្រីមួយចំនួនរបស់កងទ័ពអាមេរិក នឹងអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា យើងនឹងបន្តសហការគ្នាច្រើនក្របខណ្ឌថែមទៀត ក្នុងនោះអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ជាពិសេសនាយកដ្ឋានទាក់ទងការបរទេសរបស់យើង នឹងបន្តសហការគ្នា ដើម្បីពង្រឹងនូវចំណុចអ្វីដែលនៅសេសសល់ និងសង្ឃឹមថានឹងបានជួបគ្នាជាថ្មីម្តងទៀត ជាមួយថ្នាក់ដឹកនាំកងទ័ពអាមេរិក តាមរយៈទស្សនកិច្ចជាថ្មី ក៏ដូចជាជំនួបនៅក្នុងវេទិកាអន្តរជាតិនានាផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានជូនពរអនុព័ន្ធយោធាសហរដ្ឋអាមេរិក ក៏ដូចជាមន្រ្តីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាទាំងអស់ សូមជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជាពិសេស សូមអញ្ជើញចូលរួមព្រឹត្តិការណ៍ដ៏ធំមួយ ដែលនឹងប្រារព្ធឡើងនៅខេត្តសៀមរាប គឺជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលឯកឧត្តមសង្ឃឹមថា លោកអនុពន្ធយោធាអាមេរិក នឹងមានពេលវេលាទៅចូលរួមជាក់ជាមិនខាន៕
ដោយ សំ សាម៉ន





