ក្រសួងវប្បធម៌រៀបចំសិក្ខាសាលាស្ដីពី “ការងារផែនការ ស្ថិតិ និងរបាយការណ៍ លើកទី៥”
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥--
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាស្ដីពី “ការងារផែនការ ស្ថិតិ និងរបាយការណ៍ លើកទី៥” នៅសាលអង្គរវត្ត នៃទីស្ដីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ ដោយរបៀបវារៈសំខាន់របស់សិក្ខាសាលាគឺ “ពិនិត្យនិងពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាព៥ឆ្នាំ និងផែនការសកម្មភាពឆ្នាំ២០២៥ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ”។

ក្នុងកម្មវិធីបើកសិក្ខាសាលានេះ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានលើកឡើងអំពីយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងចក្ខុវិស័យថ្មីៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតជាចម្បងលើសមិទ្ធកម្មការងារ និងអភិក្រមសំខាន់ៗដូចជា “ពង្រឹងជាជាងពង្រីក” “ពង្រឹងនិងរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ” និង “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

ក្នុងន័យនេះ ឯកឧត្តម បានផ្ដល់មតិណែនាំគន្លឹះមួយចំនួនដល់ប្រធានអង្គភាព ប្រធានមន្ទីរ និងមន្ដ្រីជំនាញទាំងអស់ ដូចជា ទី១. ស្នើពិនិត្យរៀបចំកំណត់ក្របខ័ណ្ឌចក្ខុវិស័យ និងទស្សនវិស័យនៅក្នុងវិស័យការងាររបស់ខ្លួនឱ្យសមស្របនិងសង្គតិភាពជាមួយចក្ខុវិស័យរួមរបស់ក្រសួង និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ទី២. ស្នើយកចិត្តទុកដាក់ ពិនិត្យផ្ទៀងផ្ទាត់ផែនការសកម្មភាពនិងទិន្នន័យដើម្បីឆ្លើយតបទៅនឹងសូចនាករសមិទ្ធកម្មគន្លឹះរបស់ក្រសួង និងទី៣. ស្នើពិនិត្យពិភាក្សា និងផ្លាស់ប្ដូរយោបល់ឱ្យបានផុសផុល ដើម្បីមានមូលដ្ឋានផ្ដល់ធាតុចូលត្រឡប់មកក្រសួងវិញ នៅត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។

សូមបញ្ជាក់ថា កម្មវិធីសិក្ខាសាលាទាំងមូលមានរយៈពេល១ថ្ងៃពេញ ដោយក្នុងនោះមានបទបង្ហាញចំនួន១០ រួមមាន បទបង្ហាញរបស់នាយកដ្ឋានផែនការ ស្ថិតិ និងសរុប, បងបង្ហាញរបស់អគ្គនាយកដ្ឋានដែលជាប្រធានកម្មវិធី អគ្គនាយកដ្ឋានបេតិកភណ្ឌ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌, អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ព្រមទាំងបង្ហាញរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន៤ ដែលមាន អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្រៅពីបទបង្ហាញខាងលើ កម្មវិធីសិក្ខាសាលាក៏មានកិច្ចពិភាក្សាតុមូលផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





