រដ្ឋបាលខេត្តកំពង់ធំបំពាក់បង្គោលភ្លើងសូឡាតាមដងផ្លូវជាតិលេខ៦ពីព្រំប្រទល់ខេត្តកំពង់ចាមដល់ព្រំប្រទល់ខេត្តសៀមរាប
AKPកំពង់ធំថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៥--ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានលើកឡើងកាលពីថ្ងៃទី០១ខែមេសាឆ្នាំ២០២៥ថា រដ្ឋបាលខេត្តកំពង់ធំបានចាប់ផ្តើមដឹកនាំអនុវត្តជាជំហានៗក្នុងការបំពាក់បង្គោលភ្លើងសូឡានៅតាមដងផ្លូវជាតិលេខ៦ក្នុងភូមិសាស្ត្រខេត្តកំពង់ធំពីព្រំប្រទល់ខេត្តកំពង់ចាមដល់ព្រំប្រទល់ខេត្តសៀមរាប មានប្រវែងសរុប១៤៤គីឡូម៉ែត្រឱ្យបានរួចរាល់ទាំងស្រុងនៅត្រឹមដំណាច់ឆ្នាំ២០២៦។

ឯកឧត្តមនួន ផារ័ត្នបញ្ជាក់ថា យុទ្ធនាការនេះកើតចេញពីការចង្អុលបង្ហាញរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនិងក្រោមការគាំទ្រពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ខេត្តចាប់ផ្តើមអនុវត្តជាមួយនឹងការប្រមូលកៀរគរកម្លាំងសរុបនិងមធ្យោបាយសរុបពីគ្រប់មជ្ឈដ្ឋាន។គម្រោងដ៏ធំនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ធានាភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅពេលមេឃងងឹតនិងចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ៦ព្រមទាំងដើម្បីពង្រឹងការងារសន្តិសុខផងដែរ៕



ដោយ៖ ស៊ុម វណ្ណា





