ការកសាងផ្លូវក្រវាត់ព្រំដែននៅខេត្តមណ្ឌលគិរី និងរតនគិរី សម្រេចបានប្រមាណជាង៣៩,៩២ភាគរយ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥-- លទ្ធផលនៃការដំណើរការកសាងផ្លូវក្រវាត់ព្រំដែនយៈពេលប្រមាណ៥ខែកន្លងមកនេះ គឺសម្រេចបានប្រមាណ៣៩,៩២ភាគរយ នៃផែនការ ក្នុងនោះខេត្តមណ្ឌលគិរី បានប្រវែង ៤៤,៩០ គីឡូម៉ែត្រ ស្មើនឹង៤២,៤៥ភាគរយ និងខេត្តរតនគិរី បានប្រវែង ៣០,៣០ គីឡូម៉ែត្រ ស្មើនឹង ៣៤,២៦ភាគរយ។

បើយោងតាមសេចក្តីប្រកាសរបស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើ ការកសាងផ្លូវក្រវាត់ព្រំដែនឬហៅថា (ក.គ.ម) បានឱ្យដឹងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៥ថា ក្នុងខេត្តទាំង២នេះដែរគេបានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ១១០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ១០៣,៨៥ ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបាន ប្រវែង ១០០,៥០ គីឡូម៉ែត្រ, កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ បានប្រវែង ៩៩,១០ គីឡូមែត្រ និងក្រាលល្បាយ កម្ទេចថ្មសម្រេចជាស្ថាពរប្រវែង ៧៥,២០ គីឡូម៉ែត្រ។

ប្រភពខាងលើនេះបានឱ្យដឹងដែរថា ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។

សេចក្តីប្រកាសដដែលនេះបានឱ្យដឹងបន្ថែមថាសម្រាប់ការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបាន សម្រេចជាស្ថាពរលើផ្ទៃដីទំហំ ២.៧៥២.៥០០ ម៉ែត្រការ៉េ ស្មើនឹង ៤៤ភាគរយនៃផ្ទៃដីសរុប ដែលគ្រោងរាវរកទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ៧៩ គ្រាប់ ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៣៥ គ្រាប់៕


ដោយ៖ ដេប៉ូ





