ក្រសួងរ៉ែនិងថាមពលសហការជាមួយរដ្ឋបាលខេត្តកំពង់ធំចុះកំណត់តំបន់សក្តានុពលធនធានរ៉ែថ្មសំណង់សម្រាប់ការគ្រប់គ្រងអាជីវកម្មរ៉ែថ្មសំណង់
AKPកំពង់ធំថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥--លោក ហ៊ីង ទន់ អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ ដឹកនាំក្រុមការងារនិងចូលរួមសហការដោយក្រុមការងារចម្រុះខេត្តដឹកនាំដោយលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំនិងលោក ណឹម ចាន់ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំបានអញ្ជើញចុះកំណត់តំបន់សក្តានុពលធនធានរ៉ែ ថ្មសំណង់សម្រាប់ការគ្រប់គ្រងអាជីវកម្មរ៉ែថ្មសំណង់ រយៈពេលមធ្យម របស់ក្រសួងរ៉ែនិងថាមពល នៅស្រុកបារាយណ៍និងស្រុកសន្ទុកខេត្តកំពង់ធំកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

លោក ងួន រាសី មានប្រសាសន៍ថាការចុះកំណត់តំបន់សក្តានុពលធនធានរ៉ែថ្មសំណង់និងការពិនិត្យវាយតម្លៃហានិភ័យ ការដ្ឋានអាជីវកម្មថ្មសំណង់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំមាន៤ទីតាំងគឺ÷១.នៅការដ្ឋានថ្មសំណង់ ស្រ៊ុន ហេងងន់ ស្ថិតនៅឃុំគគីរធំ ស្រុកបារាយណ៍។២.នៅការដ្ឋានថ្មសំណង់ កូវ គឹមលាងស្ថិតនៅឃុំក្រវ៉ានិងឃុំបាក់ស្នាស្រុកបារាយណ៍។ ៣.នៅភូមិស្រឡៅទោង ឃុំបល្ល័ង្ក ស្រុកបារាយណ៍និង៤.នៅការដ្ឋានថ្មសំណង់ ប៊ូ ពន្លឺ ស្ថិតនៅឃុំទីពោស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក ហ៊ីង ទន់ បានលើកឡើងថា ដើម្បីកំណត់តំបន់សក្តានុពល ធនធានរ៉ែថ្មសំណង់ សម្រាប់ការគ្រប់គ្រងអាជីវកម្មរ៉ែថ្មសំណង់រយៈពេលមធ្យមក្នុងភូមិសាស្ត្រខេត្តកំពង់ធំឱ្យប្រកបទៅដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាពប្រសិទ្ធិផលនិងងាយស្រួលក្នុងការបន្តអនុញ្ញាតឱ្យធ្វើអាជីវកម្មបន្ត ស្នើសុំយោបល់ពីមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សូមពិនិត្យ វាយតម្លៃផលប៉ះពាល់ដែលពាក់ព័ន្ធដូចជាប្រាសាទបុរាណ ទួលវិហារ វត្តអារាម តំបន់ទេសចរណ៍ ឬតំបន់អភិរក្សផ្សេងៗដែលមាន សូមកត់សម្គាល់ដើម្បីប្រជុំកំណត់និងវាយតម្លៃពីផលប៉ះ។

លោក ហ៊ីង ទន់បានជំរុញដល់ម្ចាស់ការដ្ឋានទាំងអស់ និងអាជ្ញាធរមូលដ្ឋានចូលរួមអនុវត្តនៅក្នុងការដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពនិងគោរពទៅតាមគោលការណ៍ក្រសួងដែលបានដាក់ឱ្យអនុវត្តឱ្យបានត្រឹមត្រូវ ចៀសវាងមានបញ្ហាអ្វីមួយកើតឡើងជាយថាហេតុ។ ប្រសិនបើនៅក្នុងការដ្ឋាននោះមានបញ្ហាអ្វីមួយសូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីជួយដោះស្រាយឱ្យបានទាន់ពេលវេលា៕

ដោយ៖ ស៊ុម វណ្ណា





