សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង អបអរសាទរសង្ក្រានឆ្នាំថ្មី
AKP កំពង់ឆ្នាំង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥--លោក ចេងចាន់ដូណា អភិបាលស្រុកបរិបូណ៌បានមានប្រសាសន៍ក្នុងពិធីអបអរសាទរសង្ក្រានឆ្នាំថ្មី នៅវិទ្យាល័យហ៊ុន សែនបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ពិធីនេះដោយមានការអញ្ជើញចូលរួមពីប្រធានស.ស.យ.ក ស្រុកបរិបូណ៌ សមាជិកា ស.ស.យ.ក អាជ្ញាធរដែនដី កងកម្លាំងទាំងបី ការិយាល័យស្រុកប្រតិបត្តិ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះលោក ចេង ចាន់ដូណា បានមានប្រសាសន៍ថា ដោយប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយនិងមានការតាំងពិពណ៌ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាព និងពិសេសមានកម្មវិធីជាច្រើនទៀត។ល។

ទន្ទឹមនឹងនេះលោកបានថ្លែងអំណរគុណដល់អាជ្ញាធរក្រុង ស្រុកគ្រប់លំដាប់ថ្នាក់ ឆ្នាំថ្មីនេះបានរៀបចំគម្រោង អោយធំជាងបណ្ដាឆ្នាំមុនៗហើយសង្ឃឹមថាការរៀបចំសង្ក្រាន្តឆ្នាំថ្មីឆ្នាំនេះក៏មិនខុសពីបណ្តាឆ្នាំមុនៗដែលនឹងមានដាក់ឲ្យមានលេងល្បែងកំសាន្តប្រជាប្រិយ មាន ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ជាដើម ដែលកម្មវិធីនិមួយៗ នឹងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរជាច្រើនទៀត។

ជាមួយគ្នានេះដែរលោកអភិបាលស្រុក បានអំពាវដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លើងផ្សែង មុនពេលចេញដំណើរទៅវត្ត ឬទៅកំសាន្តតាម រមណីយដ្ឋាននានា ត្រូវពន្លត់ភ្លើងសង្ក្រាន បិទចរន្តអគ្គីសនី និងពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ គ្រប់ពេលវេលា ។ ក្រៅពីនោះពេលលេងកំសាន្តត្រូវប្រើចិត្តខន្តី ចេះយោគយល់អធ្យាស្រ័យគ្នា ទើបការរីករាយកំសាន្តបុណ្យចូលឆ្នាំថ្មី បានសុខសប្បាយទាំងអស់គ្នា៕



ដោយ៖ បៃ ស៊ីថុន





