កុំភ្លេចជួបគ្នានៅកម្មវិធីតស់ៗលេងទឹកនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ដឹងតែសប្បាយ ពេលនេះក្រុមការងារបានដាក់ពាងទឹកជាច្រើន នៅក្នុងតំបន់នេះហើយ
AKPសៀមរាប ថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៥--ក្រុមការងារតស់ៗលេងទឹក តំបន់មាត់ស្ទឹងសៀមរាប ដែលដឹកនាំដោយ លោក ហួត សូនី ប្រធានក្រុមការងារ ព្រមទាំង អនុប្រធាន និងសមាជិក សមាជិកា បានចាប់ផ្តើមដំណើរ ការសាងសង់ និងរៀបចំ តុបតែងលម្អទីតាំង និងរៀបចំកន្លែងសម្រាប់លេង ល្បែងកម្សាន្តទាំងនៅលើគោក និងនៅលើទឹក ជាមួយគ្នានេះ ពាងទឹកដែលលាបព័ណ៌អមជាមួយអក្សញញឹមសាទរយ៉ាងស្រស់ស្អាត ត្រូវបានដាក់ពង្រាយនៅតំបន់នេះហើយ នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

លោក ហួត សូនី បានឱ្យដឹងថា តំបន់តស់ៗលេងទឹកនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ គឺបានដំណើរការសាងសង់ និងរៀបចំលម្អផ្សេងៗបានប្រមាណ៣០%ហើយ។ជាមួយគ្នានេះក្រុមងារតស់ៗលេងទឹកក៏បានកំពុងតែញាប់ដៃញាប់ជើង ដើម្បីរៀបចំឱ្យរួចទាន់ពេលវេលា។ លោកបានបន្តថា នៅតំបន់ តស់ៗលេងទឹកនេះ គឺជាកន្លែងមួយដែលមានការចាប់អារម្មណ៍ និងមានភាពទាក់ទាញ ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំកម្រ និងហួសកន្លែងនេះណាស់ ព្រោះជាកន្លែងត្រជាក់ប្រជាពលរដ្ឋចូលចិត្តជាពិសេសយុវជន គឺតែងតែប្រមូលផ្តុំគ្នានៅតំបន់នេះ។

លោក ហួត សូនី បានបញ្ជាក់ថា នៅតំបន់តស់ៗលេងទឹកនេះ មានកម្មវិធីលេងកម្សាន្តជាច្រើនមានដូចជា ស្ពានញញឹមសាទរនៅដងស្ទឹង ជិះកង់ធ្លាក់ទឹក ប្រដាល់ធ្លាក់ទឹក លេងទឹកជាមួយពពុះសាប៊ូនៅលើតង់ កញ្ញាធ្លាក់ទឹក និងកម្មផ្សេងៗជាច្រើនទៀត ហើយកម្មវិធីទាំងនេះ នឹងចាប់ផ្តើមលេងចាប់ពីថ្ងៃទី១៤ដល់១៦ ក្នុងព្រឹត្តិការអង្គរសង្កាន្ត នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ សូមកុំភ្លេចជួបគ្នានៅកម្មវិធី តស់ៗលេងទឹកនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ដឹងតែសប្បាយ ក្រៅពីការលេងទឹក ដែលក្រុមការ ងារបានរៀបចំរួច ក៏នឹងមានការបានបាញ់ទឹកពីក្រុមរថយន្តរបស់សមត្ថកិច្ចផងដែរ ដែលនិងធ្វើឱ្យកម្មវិធីនេះរឹតតែសប្បាយ៕




ដោយ៖ ឃុត សៅ





