កិច្ចប្រជុំត្រៀមរៀបចំកម្មវិធីកំពង់ស្ពឺ សង្រ្កាន្ដ ឆ្នាំ២០២៥ ដែលនឹងរៀបចំនៅសួនច្បារសម្តេចសង្ឃរាជ ជួន ណាត តាមបណ្តោយស្ទឹងព្រែកត្នោត និង វិមានឯករាជ្យខេត្ត
AKP កំពង់ស្ពឺ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥--នៅពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីសង្ក្រាន្ដឆ្នាំថ្មីក្រោមប្រធានបទ ''រួមគ្នាអភិវធឌ្ឍន៍ក្រោមម្លម់សន្តិភាព'' ដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥។

ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំកម្មវិធី កំពង់ស្ពឺសង្រ្កាន្ដឆ្នាំ២០២៥ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថាសង្ក្រាន្ដឆ្នាំនេះនឹងមានការរៀបចំកម្មវិធីកម្សាន្ដពិសេសៗជាច្រើន ដើម្បីធ្វើឱ្យកម្មវិធីកាន់តែសប្បាយរីករាយមានដូចជាកម្មវិធីលេងល្បែងប្រជាប្រីយ ការប្រគុំតន្ត្រីខ្នាតយក្យនិងរៀបចំឲ្យមានដាក់លក់ផលិតផលភូមិមួយផលិតផលមួយដែលជាស្នាដៃរបស់កូនខ្មែរ ជាច្រើនមុខជាដើម។ជាមួយគ្នានេះក៍មានការរៀចំល្បែងកំសាន្តតាមប្រពៃណីជាតិខ្មែរ តាមវត្តអារាម សាលារៀន ទីសាធារណៈនិងរមណីយដ្ឋាននានាជូនបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវជាតិ ភ្ញៀវអន្តជាតិបានកម្សាន្តសប្បាយតាមលក្ខណៈប្រពៃណីជាតិខ្មែរនិងអបអរសាទរស្វាគមន៍ទេវតាឆ្នាំថ្មីផងដែរ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានក្រើនរម្លឹកដល់គណៈបញ្ជាការឯកភាពស្រុក ក្រុងនិងអាជ្ញាធរភូមិ ឃុំ សង្កាត់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងលើកកម្ពស់សុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកលេងកម្សាន្តសង្ក្រាន្តខេត្តកំពង់ស្ពឺនិងធ្វើដំណើរឆ្លងកាត់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលឈានចូលមកដល់នាពេលដ៍ខ្លីខាងមុខនេះ៕



ដោយ៖ លឹម សាន





