រាជទាយាទ នៃប្រទេសលុចហ្សាំបួរ៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរ លុចហ្សាំបួរ-កម្ពុជា គឺជាទំនាក់ទំនង ជឿទុកចិត្តគ្នាទៅវិញទៅមក
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ -- ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រាជទាយាទ នៃប្រទេសលុចហ្សាំបួរ មានព្រះរាជបន្ទូលថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ (លុចហ្សាំបួរ-កម្ពុជា) គឺជាទំនាក់ទំនង ជឿទុកចិត្តគ្នាទៅវិញទៅមក។ នេះបើតាមការឱ្យដឹង បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួល ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រាជទាយាទ នៃប្រទេសលុចហ្សាំបួរ ចូលជួបការសម្ដែងការគួរសម ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅគេហដ្ឋានសព។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ Guillaume Jean Joseph Marie និង គណៈប្រតិភូដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខចំពោះមរណភាពបងប្រុសរបស់សម្ដេចនាពេលនេះ ដែលបង្ហាញអំពីសមានចិត្តដ៏ល្អរបស់ភាគីមិត្ត និងចំណងមិត្តភាព និងការយកចិត្តទុកដាក់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។ សម្ដេចតេជោមានការសោកស្ដាយ ចំពោះ ការលុបគម្រោងជំនួបរវាង រាជទាយាទជាមួយសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ដោយ សារ ពិធីបុណ្យសពរបស់បងប្រុសសម្ដេច។ សម្ដេចតេជោក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិភាក្សារបស់គណៈប្រតិភូលុចហ្សាំបួរ ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាពិសេសការផ្ដល់ជំនួយដោះមីននៅកម្ពុជា។
នៅក្នុងឱកាសនេះ ព្រះអង្គម្ចាស់រាជទាយាទ បានមានព្រះរាជបន្ទូល ថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានទទួលស្វាគមន៍ព្រះអង្គ និងគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ ចំពោះមរណភាពរបស់បងប្រុសសម្ដេចនៅពេលនេះ ដែលបង្ហាញអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាទំនាក់ទំនង ជឿទុកចិត្តគ្នាទៅវិញទៅមក។ ព្រះអង្គក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូរបស់អង្គ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ រម្លឹកអំពីជំនួបរវាងសម្ដេច ជាមួយឯកឧត្តមអតីតនាយករដ្ឋមន្ត្រី លុចហ្សាំបួរ Jean-Claude Juncker កាលពីឆ្នាំ២០០៦ ហើយធ្លាប់បានធ្វើការជាមួយគ្នាជាបន្តបន្ទាប់ នៅពេលដែលឯកឧត្តមនាយករដ្ឋមន្ត្រី មុនក្លាយទៅជាប្រធានគណៈកម្មការអឺរ៉ុប ។ សម្ដេចតេជោបានបន្តទៀតថា ទោះបីជាប្រទេសយើងទាំងពីរ មានចម្ងាយឆ្ងាយពីគ្នាក៏ដោយ ហើយយើងមានកិច្ចការងារជាមួយគ្នាជាច្រើន ទាំងទ្វេភាគី និង ពហុភាគី ជាពិសេសក្នុងកិច្ចការអាស៊ាន និង ក្នុងក្របខ័ណ្ឌក្រុមគ្រួសារហ្វ្រង់កូហ្វូន។ នៅឆ្នាំ២០២៦ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី សម្តេចសង្ឃឹមយ៉ាងខ្លាំងថា នឹងទទួលប្រតិភូជាន់ខ្ពស់លុចហ្សាំបួរនាពេលនោះ។ សម្ដេចតេជោក៏បានរម្លឹកពីបទពិសោធន៍របស់សម្ដេចក្នុងការធ្វើជានាយករដ្ឋមន្ត្រី រយៈពេល៣៨ឆ្នាំកន្លងមកហើយ និងបន្ថែមថា ពេលនេះ សម្ដេចបានលះបង់អំណាចទៅដល់អ្នកបន្តវេន ដែលជាអ្នកមានថាមវ័នយ៉ាងខ្លាំងក្លា។

សម្ដេចតេជោបានលើកឡើងទៀតថា បានជួប ឯកឧត្តម រដ្ឋមន្ត្រីការបរទេស លុចហ្សាំបួរ ដែលពេលនោះជានាយករដ្ឋមន្ត្រី នៅទីក្រុងព្រុចសែលនៅឆ្នាំ២០២២ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និង សហភាពអឺរ៉ុប និងបានលើកឡើងថា ទោះបីជាប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នា ក៏យើងប្រកាន់ជំហរដូចគ្នាលើកិច្ចការអន្តរជាតិមួយចំនួន ជាពិសេស ប្រទេសកម្ពុជាជាប្រទេសតូច ហេតុនេះ ត្រូវប្រកាន់ភ្ជាប់នូវការអនុវត្តគោលការណ៍ ច្បាប់អន្តរជាតិ។ សម្តេចតេជោក៏បានលើកអំពី កិច្ចសហប្រតិបត្តិការមួយចំនួន ដូចជាការបណ្តុះបណ្តាលក្រុមអ្នកដោះមីន អ៊ុយក្រែន ដោយមានការសហការជាមួយជប៉ុន ការបញ្ជូនកងទ័ពមួកខៀវកម្ពុជា ទៅបណ្ដាប្រទេសមួយចំនួននៅក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ។ សម្ដេចតេជោក៏បានចែករំលែកបទពិសោធន៍របស់សម្តេចក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា ជាពិសេស បទពិសោធន៍របស់សម្តេចជាអ្នកចរចា ឱ្យមាន បទឈប់បាញ់ និងបញ្ជាក់ថាសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ។

ក្នុងជំនួបនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីការបរទេស លុចហ្សាំបួរ ដែលបានអមព្រះរាជដំណើរ ព្រះរាជទាយាទ បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះសម្ដេចតេជោ នូវគោលជំហរលើបញ្ហាអ៊ុយក្រែន និងអរគុណចំពោះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្ដមចូលជួប នៅទីក្រុងវៀងចន្ទន៍ នាកិច្ចប្រជុំអាស៊ានកន្លងទៅនេះ និងដែលបានអនុញ្ញាតឱ្យមានការរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជា នាពេលនេះ។ ឯកឧត្តម មានសេចក្តីរីករាយចំពោះការចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការ និងជំនួយរបស់ប្រទេសឯកឧត្តម ដល់ប្រទេសកម្ពុជា ជាពិសេស ជំនួយដល់ការដោះមីននៅកម្ពុជា។ ឯកឧត្តមបញ្ជាក់ឱ្យដឹងថា នឹងមានប្រតិភូកម្រិតខ្ពស់លុចហ្សាំបួរ ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វង់កូហ្វូនី នៅឆ្នាំ២០២៦ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងឱកាសនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះព្រះរាជទាយាទ និងគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសម្ដេចនាពេលនេះ ។សម្តេចធីបតី បានបញ្ជាក់នូវក្តីរីករាយបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទុកចិត្តគ្នារវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត៕
ដោយ៖ ជឹម ណារី





