យុវជនស្ម័គ្រចិត្ដជាង៨០នាក់ទទួលបានការបណ្ដុះបណ្ដាលពីសង្គ្រោះបឋមសម្រាប់ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥
AKP សៀមរាប ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥-- ក្រុមការងារសង្គ្រោះបឋម និងបន្ទាន់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ បានសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការសង្គ្រោះបឋមដល់យុវជនស្ម័គ្រចិត្ត និងក្រុមការងារប្រមាណជាង៨០នាក់ សម្រាប់ត្រៀមសង្គ្រោះបឋម និងបន្ទាន់ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥។ ពិធីបណ្ដុះបណ្ដាលនេះធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

លោក ហួត សូនី ប្រធានក្រុមការងារសង្គ្រោះបឋម និងបន្ទាន់នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ បានថ្លែងថា ការបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ដើម្បីពង្រឹងសមត្ថភាព ការយល់ដឹងរបស់យុវជន និងក្រុមការងារ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ឋភាព អំពីរបៀប និងការប្រើប្រាស់ឧបករណ៍សង្គ្រោះ វិធីសាស្ត្រការជួយសង្គ្រោះបឋម និងបន្ទាន់ឱ្យបានត្រឹមត្រូវ ទំនាក់ទំនងស្វែងរកជំនួយសង្គ្រោះក្នុងគ្រាមានអាសន្នជាយថាហេតុណាមួយ និងប្រើដើម្បីសង្គ្រោះអាយុជីវិត ជាបឋមដល់ជនរងគ្រោះ។ ការបណ្តុះបណ្តាលនេះ ផ្តោតលើជំនាញឆ្លើយតបសង្រ្គោះបឋមសំខាន់ៗ ដូចជា ការសង្គ្រោះបេះដូង និងដង្ហើម (CPR) ការរុំរបួស និងវិធីសាស្ត្រសង្គ្រោះអ្នកលង់ទឹក ខ្សែភ្លើងឆក់ ការប៉ះទង្គិច ឆ្អឹងសាច់ដុំ សន្លាក់ ជាដើម ជាការឆ្លើយតបសង្រ្គោះបឋម និងបន្ទាន់។

លោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប រំពឹងថា យុវជនក្រោយទទួលការបណ្តុះបណ្តាលបឋមនេះ នឹងយកចំណេះដឹងទៅប្រើប្រាស់ប្រកបដោយប្រសិទ្ឋភាព ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋណាម្នាក់ដែលមកលែងកម្សាន្តនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេលបីថ្ងៃ ខាងមុខនេះហើយជួបបញ្ហាសុខភាពជាយថាហេតុ នឹងអាចសង្គ្រោះបឋម ទៅតាមស្ថានភាពជាក់ស្តែង និងចាំបាច់ផ្សេងៗ។

លោកប្រធានមន្ទីរបានបន្តថា ក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវចាំថា យើងត្រូវជួយឱ្យបានទាន់ពេលវេលា ត្រូវជួយឱ្យរស់ ព្រោះនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងមានមនុស្សរាប់នាក់ នឹងមកចូលរួមកម្សាន្ត។ ដូចនេះសំណូមពរដល់ក្មួយៗយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការងារមួយនេះ។ ហើយនៅពេលប្រតិបត្តិការងារជាក់ស្តែងត្រូវស្គាល់តួនាទីភារកិច្ចរបស់ខ្លួន មានឥរិយាបទនិងអាកប្បករិយាទន់ភ្លន់រួសរាយ សមជាអ្នកជួយសង្គ្រោះចៀសវាងភាពរើសអើងទៅលើអ្នកមានបញ្ហាសុខភាពហើយត្រូវការជំនួយសង្គ្រោះបឋម៕


ដោយ ឃុត សៅ





