អាជ្ញាធរខេត្តកំពង់ឆ្នាំងជួបសំណេះសំណាលកងកម្លាំងបង្រ្កាបបទល្មើសនេសាទខុសច្បាប់
AKP កំពង់ឆ្នាំង ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងដែលកំពុងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តតំបន់ទំនាបបឹងទន្លេសាប ក្នុងដែនគ្រប់គ្រងរបស់ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងកងកម្លាំងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ការបង្កើតទីបញ្ជាការនិងកម្លាំងសម្រាប់អនុវត្តការគ្រប់គ្រង និងបង្ក្រាបបទល្មើសនេសាទដែលខុសច្បាប់គឺសមត្ថកិច្ចប្រកាន់ជំហរ និងប្តេជ្ញា ក្នុងការសហការបង្ក្រាបបទល្មើសនេសាទ គឺឈប់លើកលែង និងអប់រំទៀតហើយ សម្រាប់អ្នកដែលមានការពាក់ព័ន្ធនឹងបទល្មើសនេសាទ ដូចជាការឃុបឃិត យកលុយ យកកាក់ជាដើម។ បន្តផ្សព្វផ្សាយ និងចុះធ្វើជំរឿនឧបករណ៍នេសាទជាមួយប្រជាពលរដ្ឋ ក្នុងករណីរកឃើញថាមានឧបករណ៍នេសាទដែលខុសច្បាប់គឺសមត្ថកិច្ចត្រូវតែដកហូត។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា យុទ្ធនាការនៃការចុះបង្ក្រាបបទល្មើសនេសាទ ក្រុមមន្ត្រីចម្រុះបន្តធ្វើជាប់ជាប្រចាំ ក្នុងដែនគ្រប់គ្រងនាតំបន់ទំនាបបឹងទន្លេសាប និងតាមដងស្ទឹងដើម្បីបញ្ឈប់ មិនឱ្យកើតមានបទល្មើសនេសាទ ដែលធ្លាប់កើតមាននៅក្នុងតំបន់កន្លងមក។ ក្រោយពីរាជរដ្ឋាភិបាលបានលុប ចោលឡូត៍នេសាទទាំងអស់នៅទូទាំងប្រទេសដើម្បីទុកលទ្ធភាពជូនដល់ប្រជាពលរដ្ឋ យើងបានចងក្រងជាសហគមន៍នេសាទ ថែរក្សាការពារដោយនេសាទជាលក្ខណៈ គ្រួសារនោះផ្នែកជំនាញបានរួមសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធសហគមន៍ នេសាទបានខិតខំប្រឹងប្រែងទប់ស្កាត់បង្ក្រាបបទល្មើស នេសាទដោយបានបំផុសឱ្យ មានការចូលរួម ពីប្រជាពលរដ្ឋក្នុងការថែរក្សានូវធនធានមច្ឆជាតិឱ្យមានការកើនឡើងវិញ ដើម្បីធានាបានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និបង្កើនសេដ្ឋកិច្ចគ្រួសារដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសចុះសួរសុខទុក្ខ ឯកឧត្តអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និមន្ត្រីអមដំណើរបានផ្ដល់អំណោយជូនដល់កងកម្លាំងដែលកំពុងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ មានដូចជា អង្ករ អំបិល ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិកាមួយចំនួនផងដែរ៕


ដោយ បៃ ស៊ីថុន





