ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ពិធីសង្រ្កាន្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដើម្បីពង្រឹងការងារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញមកលេងសង្ក្រាន្តកំពង់ធំ និងធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ យកចិត្តទុកដាក់លើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបន្តលើកកម្ពស់សុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋតាមរយៈការបង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងក្រុងស្ទឹងសែនឱ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាពនានា ដែលបានសាមគ្គីសហការគ្នាខ្ពស់ក្នុងការរៀបចំតុបតែងកម្មវិធីសង្ក្រាន្តកំពង់ធំរហូតទទួលបានការសាទរ និងកោតសរសើរពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តនិងគ្រប់ទិសទី។

ឯកឧត្តមបានមានប្រសាសន៍លើកឡើងថា ការរៀបចំសង្ក្រាន្តកំពង់ធំនាពេលខាងមុខនេះ ត្រូវរៀបចំឱ្យមានដាក់លក់នៅផលិតផលភូមិមួយផលិតផលមួយដែលជាស្នាដៃរបស់ខ្មែរសុទ្ធសាធ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ បានភ្លក្សរសជាតិ និងជួយទិញផលិតផលរបស់ខ្មែរយកទៅប្រើប្រាស់ដែលមានគុណភាព និងអនាម័យល្អ។ ត្រូវរៀបចំឱ្យមានទីកន្លែងពិតប្រាកដនៅក្នុងទីតាំងណាមួយសមស្របក្នុងការលេងល្បែងប្រជាប្រិយនិងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋចូលមកលេងកម្សាន្តឱ្យបានច្រើនកុះករ សំខាន់បំផុតការរៀបចំភ្លើងបំភ្លឺត្រូវតែមានអ្នកខុសត្រូវឱ្យបានច្បាស់លាស់ ចៀសវាងមានបញ្ហាកើតឡើងដោយប្រការណាមួយជាយថាហេតុ៕



ដោយ ស៊ុម វណ្ណា





