ការវិនិយោគនៃមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសជា ផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ី របស់វិស័យឧស្សាហកម្ម និងវិស័យផ្សេងៗទៀត
AKPភ្នំពេញថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៥--
ការវិនិយោគរបស់មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេស ជាសមិទ្ធផលថ្មីមួយរបស់កម្ពុជា ដោយមជ្ឈមណ្ឌលនេះនឹងក្លាយជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ី របស់វិស័យឧស្សាហកម្ម អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការធានាបានថាឧបករណ៍ពិសេសដែលត្រូវបាន ប្រើប្រាស់គឺស្របតាមស្តង់ដារអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់។
ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលរបស់ក្រុមហ៊ុន តេ ហ្សង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន កាលពីព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថាការសម្រេចចិត្តជាយុទ្ធសាស្ត្រ ក្នុងការបណ្តាក់ទុនវិនិយោគបង្កើត មជ្ឈមណ្ឌលនេះឡើង ក្នុងគោលបំណង ត្រួតពិនិត្យ និងធ្វើតេស្តឧបករណ៍ពិសេស នៅកម្ពុជា ព្រមទាំងចូលរួម ចំណែករក្សា និងបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍ពិសេស ដោយនាំយកនូវបច្ចេកវិទ្យាដ៏ជឿនលឿនពី ប្រទេសចិន មកអនុវត្តនៅកម្ពុជា។


ឯកឧត្តមបានបញ្ជាក់ថាការកើនឡើងនូវឧស្សាហូបនីយកម្ម ក៏ដូចជាការរីកដុះដាលនៃវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា បានធ្វើឱ្យការប្រើប្រាស់ឧបករណ៍ពិសេស ដូចជា ឡចំហាយ, ធុងសម្ពាធ, ជណ្តើរយន្ត, គ្រឿងចក្រលើក ស្តេចទម្ងន់ធ្ងន់ជាដើម មានការកើនឡើងយ៉ាងគំហុក។ ក្នុងបរិការណ៍នេះ ការត្រួតពិនិត្យ និងធ្វើតេស្តឧបករណ៍ ពិសេសនេះឱ្យបានទៀងទាត់ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសក្នុងការការពារអាយុជីវិតរបស់បងប្អូន ដែលប្រើប្រាស់ឧបករណ៍ទាំងនេះជាប្រចាំ។

ជាមួយគ្នានេះឯកឧត្តម ជា វុទ្ធីក៏បានលើកឡើងពីវឌ្ឍនភាពគួរជាទីមោទនៈនៃសកម្មភាពវិនិយោគជារួមនៅកម្ពុជា។ ក្នុងឆ្នាំ២០២៤កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តគម្រោង វិនិយោគទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៤១៤គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦, ៩ប៊ីលានដុល្លារអាមេរិក។ សម្រាប់ចំនួនគម្រោងវិនិយោគក្នុងរយៈពេល២ខែដើម ឆ្នាំ២០២៥នេះ គឺស្ទើរតែប្រហាក់ប្រហែលទៅនឹងចំនួនគម្រោងវិនិយោគដែល គណៈកម្មាធិការវិនិយោគកម្ពុជា អនុម័តក្នុងរយៈពេល មួយឆ្នាំនៃឆ្នាំ២០២១ គឺប្រមាណ ១៦៩ គម្រោង។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការកើនឡើងយ៉ាងគំហុកនៃគម្រោងវិនិយោគនេះ មិនត្រឹមតែបង្ហាញពីនិន្នាការតំបន់ និងសកលដែលកំពុង កើតមានឡើងនោះទេ ប៉ុន្តែក៏បង្ហាញពីទំនុកចិត្តរបស់វិនិយោគិនមកលើកម្ពុជា និងជាពិសេសជាលទ្ធផលនៃការ ប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាផងដែរ។

ឯកឧត្តមបានបន្តឱ្យដឹងថា” ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានប្តេជ្ញាបន្តរក្សាឱ្យបានដាច់ខាត នូវមូលដ្ឋានគ្រឹះសំខាន់ៗ ក្នុងការធានាបាននូវភាពជោគជ័យនៃការបណ្តាក់ទុនវិនិយោគរយៈពេលវែង តាមរយៈ ការរក្សាឱ្យបាននូវសុខសន្តិភាព, ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងការធ្វើឱ្យកាន់តែប្រសើរឡើងនូវ បរិយាកាសធុរកិច្ច និងការវិនិយោគផងដែរ”៕
ដោយ៖ដេប៉ូ





