ថ្នាក់ដឹកនាំស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ជំរុញយុវជនឱ្យចូលរួមក្នុងការថែរក្សាវប្បធម៌ ប្រពៃណី និងសិល្បៈដែលបន្សល់ទុកដោយដូនតាខ្មែរ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ -- លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងជាអគ្គនាយកស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានជំរុញយុវជនឱ្យចូលរួមក្នុងការថែរក្សាវប្បធម៌ ប្រពៃណី និងសិល្បៈដែលបានបន្សល់ទុកដោយដូនតាខ្មែរអស់កាលដ៏យូរលង់ណាស់មួយហើយកុំឱ្យបាត់បង់ ខណៈដែលមានប្រទេសជិតខាងយើងគេកំពុងតែកាឡៃការពិតថា ខ្មែរគឺជាអ្នកលួចចម្លងវប្បធម៌ ប្រពៃណី និងសិល្បៈរបស់គេនោះ។ ការលើកឡើងរបស់លោកឧកញ៉ា ជា ធីឡាយ យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបើកព្រឹត្តិការណ៍ប្រឡងសិល្បៈសិស្សលើកទី២០ របស់ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប រយៈពេល៣ថ្ងៃនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ។

លោកឧកញ៉ា ជា ធីឡាយ បានថ្លែងថា វាជាការគួរឱ្យហួសចិត្តណាស់ដែលប្រទេសមួយចោទប្រកាន់ថា ខ្មែរជាអ្នកលួចចម្លងវប្បធម៌ ប្រពៃណី និងសិល្បៈរបស់គេទៅវិញនោះ ដោយលោកបានគូសបញ្ជាក់ថា ខ្មែរជាជាតិសាសន៍មួយដ៏មានវ័យចំណាស់នៅអាស៊ីអាគ្នេយ៍ ហើយអ្នកដែលចោទយើងគឺទេទើបតែកើតជាប្រទេសក្រោយយើងយ៉ាងដាច់ឆ្ងាយពីគ្នា។ លោកបានបន្តថា ទោះបីជាយ៉ាងណាក៏ដោយចុះសំខាន់ គឺយើងត្រូវតែរឹងមាំក្នុងការថែរក្សាវប្បធម៌ ប្រពៃណី និងសិល្បៈរបស់យើងឱ្យគង់វង្ស និងរីកចម្រើនបន្ថែម ទៀត ជាពិសេសយុវជនគ្រប់ជំនាន់គឺជាកម្លាំងចលករយ៉ាងសំខាន់ និងចាំបាច់បំផុតនៅក្នុងកិច្ចការមួយនេះ។

លោកឧកញ៉ាបានលើកឡើងថា ក្រៅពីការផ្ដល់នូវការសិក្សាប្រកបដោយគុណភាព ស្របតាមស្តង់ដានៃការអប់រំរបស់ប្រទេសកម្ពុជាហើយនោះ ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ក៏ភ្លេចទេនូវការចាក់បញ្ចូលចំណេះដឹងខាងផ្នែកសិល្បៈទៅឱ្យសិស្សានុសិស្ស ដែលលោកថា ការណ៍នេះបានធ្វើឱ្យពួកគេមានការចាប់អារម្មណ៍ នឹកឃើញ ចងចាំ និងស្រឡាញ់ ហើយចូលរួមថែរក្សាចំពោះវប្បធម៌ ប្រពៃណី និងសិល្បៈដែលដូនតារបស់ពួកគេបានបន្សល់ទុកឱ្យអស់កាលរាប់ពាន់ឆ្នាំមកនោះ។ ជាមួយគ្នានេះលោកក៏បានជំរុញ យុវជនឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សម្រាប់យកទៅប្រើប្រាស់ក្នុងការកសាងប្រទេសជាតិឱ្យទទួលបាននូវការរីកចម្រើនថ្មីៗបន្ថែមទៀត ព្រោះថា យុវជនគឺជាអ្នកបន្តវេនពីអ្នកជំនាន់មុនក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ តែបើយុវជន ខ្វះនូវចំណេះ និងជំនាញនោះវាប្រាកដណាស់ថា យើងមិនអាចកសាងជាតិឱ្យមានការរីកចម្រើនបានទេ៕

ដោយ៖ ចាន់ សុភឿន





