រដ្ឋបាលខេត្តកណ្តាលបិទផ្សាយឯកសារវិនិច្ឆ័យដីធ្លីជាលក្ខណៈប្រព័ន្ធនៅសង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន
AKP កណ្ដាល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ -- គណៈកម្មាធិការរដ្ឋបាលខេត្តកណ្តាលបានសហការជាមួយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ដើម្បីទុកពេលឱ្យម្ចាស់ដីផ្ទៀងផ្ទាត់ឯកសារឱ្យបានត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់តាំងពីថ្ងៃបិទផ្សាយនេះទៅ។ ទិន្នន័យក្បាលដីរបស់ប្រជាពលរដ្ឋ ដែលបានបិទផ្សាយជាសាធារណៈស្ថិតនៅក្នុងភូមិចំនួន០៤ គឺភូមិភូមិព្រែកត្រឡាច ភូមិជ្រោយតាកែវ ភូមិកំពង់ដរ និងភូមិព្រែកតាឃិន សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល ដែលមានក្បាលដីសរុប ៣ ១៨៤ក្បាលដី។

លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធនាពេលនេះ ពិតជាមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋ ដូច្នេះហើយសូមពិនិត្យ ផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ ក្នុងរយៈពេល១៥ថ្ងៃនេះ ព្រោះថាបណ្ណកម្មសិទ្ធិ គឺមានផលប្រយោជន៍ជាច្រើន ធានានូវសិទ្ធិរបស់យើងក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី។ ប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្យមើលការបិទឯកសារនៃការវិនិច្ឆ័យដីធ្លី ដែលមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក។ ដើម្បីមានលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង បើក្នុងករណីផុតរយៈពេលកំណត់នៅការបិទផ្សាយ ប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។

អាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញ បន្តធ្វើការផ្សព្វផ្សាយពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យបានដឹង និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរ ដែលបានអនុវត្តតាមនីតិវិធីឱ្យបានគ្រប់ៗគ្នា។

លោក សុខ កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា នៅក្នុងក្រុងសំពៅពូនបានបិទផ្សាយរួចមកដល់ពេលនេះចំនួន១៧លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន០៤ភូមិ គឺភូមិព្រែកត្រឡាច ភូមិជ្រោយតាកែវ ភូមិកំពង់ដរ និងភូមិព្រែកតាឃិន សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន មានចំនួន ៣ ១៨៤ក្បាលដី ក្នុងនោះបានចែកបណ្ណរួចចំនួន១៥លើក សរុបបានចំនួន ១៣, ២៧៩បណ្ណ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





