លោក សាយ គឹមឡម ណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពគ្រួសារអតីតយុទ្ធជន
AKP កំពង់ធំ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ -- លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុវជនកម្ពុជាស្រុកស្ទោង បានអំពាវនាវដល់អាជ្ញាធរភូមិ ឃុំត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពគ្រួសារអតីតយុទ្ធជន ក្នុងឱកាសលោក និងសហការី អញ្ជើញប្រគល់ថវិកាបេឡាមរណៈសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជន នៅភូមិអូរសារាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក សាយ គឹមឡម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ដល់អតីតយុវជនកម្ពុជា និងក្រុមគ្រួសារគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានលើកឡើងថា ការប្រគល់ថវិកាបេឡាមរណ:សង្គ្រោះជូនដល់គ្រួសារសពអតីតយុទ្ធជនកម្ពុជា និងគ្រួសារពលីគឺជាការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងគាំពារសេដ្ឋកិច្ចគ្រួសារ និងជាការថ្លែងអំណរគុណក្រៃលែងដល់គ្រួសារសពដែលបានបញ្ជូន សាច់ញាតិ សមាជិក គ្រួសារ និងពលីសព្វបែបយ៉ាង ទាំងសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិតដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ហើយនេះជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើគ្រួសារអតីតយុទ្ធជនកម្ពុជាគ្រប់កាល:ទេស:។

លោកបានណែនាំដល់អាជ្ញាធរភូមិ/ឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀតក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយទំនុកចិត្តខ្ពស់មានភាពងាយស្រួល និងឆាប់រហ័ស និងមានទំនួលខុសត្រូវចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ការប្រគល់ថវិកាបេឡាមរណ:សង្គ្រោះនៅពេលនេះមានចំនួន៤លានរៀល ជូនដល់គ្រួសារសពអតីតយុទ្ធជនលោក ហម ជឿន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៥ នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ៕
ដោយ ស៊ុម វណ្ណា





