សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បើយើងនៅស្ងៀមមិនធ្វើអ្វីសោះ បញ្ហានឹងមិនរលាយបាត់នោះទេ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ -- «ទោះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់អំពីការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ នាពេលនោះក៏ដោយ អ្វីដែលច្បាស់សម្រាប់ខ្ញុំនាពេលនោះគឺ បើយើងនៅស្ងៀមមិនធ្វើអ្វីសោះ បញ្ហានឹងមិនរលាយបាត់នោះទេ។ ផ្ទុយទៅវិញបញ្ហាអាចវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរទៅទៀត«។ នេះជាសាររម្លឹកអនុស្សាវរីយ៍ របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី គ្រាដែលសម្ដេចកំពុងដឹកនាំរៀបចំមន្ទីរពេទ្យហ្លួងម៉ែ (អតីតមន្ទីរពេទ្យស្ត្រី នគរទេព) ដើម្បីប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលជំងឺ១៩ នៅសណ្ឋាគារ The Great Duke។
ក្នុងសារបង្ហោះតាមបណ្ដាញសង្គមនៅរសៀលថ្ងៃទី២៧មីនានេះ សម្ដេចបានររំលេចពាក្យខាងដើមទីថា មួយភ្លែតសោះ ៤ឆ្នាំកន្លងផុតទៅហើយ។
សម្ដេចធិបតី បានបញ្ជាក់ថា សម្ដេចនៅចាំច្បាស់ថា នៅពេលនោះ គឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលមិនច្បាស់លាស់អំពីអនាគតរបស់ប្រទេសជាតិនិងប្រជាជនយើងនៅឡើយ នៅក្នុងដំណាក់កាលដែលមានការឆ្លងនិងស្លាប់មនុស្សជាច្រើននៅតាមបណ្ដាប្រទេសនានាលើសាកលលោកដោយសារជំងឺកូវីដ១៩។
ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ពេលនោះគឺជាដំណាក់កាលដំបូងនៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ដែលមានអ្នកឆ្លងកើនឡើងយ៉ាងលឿន។ ជាក់ស្ដែងនៅរាជធានីភ្នំពេញមានអ្នកឆ្លងជំងឺកូវីដ១៩ រាប់រយនាក់ក្នុងមួយថ្ងៃ ដែលមន្ទីរពេទ្យរបស់យើងមិនអាចរ៉ាប់រងបាន។
ក្នុងសារដដែលនោះ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា «ហេតុដូច្នេះយើងមិនមានជម្រើសអ្វីក្រៅអំពីការប្រឈមផ្ទាល់ជាមួយនឹងបញ្ហា ហើយខិតខំចូលរួមដោះស្រាយទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន រួមទាំងការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល និងពេទ្យព្យាបាលកម្រិតធ្ងន់សម្រាប់ព្យាបាលនិងសង្គ្រោះជីវិតប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ ឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាននៅពេលនោះ»៕
ដោយៈ គង់ សិរីរ័ត្ន





