កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
AKP ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ -- សម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាលើកិច្ចការនេះជាមួយលោកសាស្ត្រាចារ្យ Nicolas Maïnetti នាយកអង្គការ AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីឱ្យការរៀបចំកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ។

ក្នុងឱកាសនេះ លោកសាស្រ្តាចារ្យ Nicolas Maïnetti បានអបអរសាទរដែលប្រទេសកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដោយលោកសាស្រ្តាចារ្យបាន គូសបញ្ជាក់ថា ក្នុងនាមអង្គការ AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងបន្តសហការគាំទ្រលើការងារចាំបាច់នានា រួមទាំងបន្តជជែកពិភាក្សាបន្ថែមទៀតលើការរៀបចំព្រឹត្តិការណ៍អមផងដែរ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការត្រៀមខ្លួនរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមទាំងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនានា ក្នុងការប្រារព្ធកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦នាពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការជំរុញការបង្រៀន និងរៀនភាសាបារាំងនៅកម្ពុជាចាប់ពីកម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សា ដែលមានថ្នាក់ពីរភាសាបារាំង-ខ្មែរ និងជីវភាសាបារាំងទី១-ទី២ រហូតដល់កម្រិតឧត្តមសិក្សា ពោលនៅតាមសាកលវិទ្យាល័យនានាជាសមាជិកអង្គការ AUF រួមទាំងការបណ្ដុះបណ្ដាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិធីសាស្ត្របង្រៀនភាសាបារាំងនៅវិទ្យាស្ថានជាតិអប់រំផងដែរ។ បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីបច្ចុប្បន្នភាពនៃការរៀបចំកិច្ចប្រជុំកំពូល ព្រមទាំងបានលើកឡើងពីផែនការសកម្មភាពមួយចំនួន និងការរៀបចំផែនទីបង្ហាញផ្លូវក្នុងការរៀបចំកម្មវិធីផ្សេងៗ ក៏ដូចជាសម្រាប់ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលនេះផងដែរ ដែលតម្រូវឱ្យមានការសហការជាមួយអង្គការ AUF ក្នុងក្របខ័ណ្ឌតំបន់ និងពីគ្រប់ភាគីពាក់ព័ន្ធសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៦ខាងមុខ ដោយមានការចូលរួមពីប្រទេសជាសមាជិកអង្គការ OIF និងបណ្ដាប្រទេសដែលប្រើប្រាស់ភាសាបារាំងមួយចំនួននៅជុំវិញពិភពលោក៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





