លោកជំទាវ ម៉ែន នារីសោភ័គ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជួបការលំបាកនៅក្រុងកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥--
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនចែកជូនប្រជាពលរដ្ឋជួបការលំបាក ចាស់ជរាគ្មានទីពឹង គ្រួសារជនមានពិការភាព នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសប្បុរសជនផងដែរ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយ កុមារកំព្រា និងជនងាយរងគ្រោះដោយប្រការផ្សេងៗ ហើយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ជាក់ស្តែងគ្រួសារក្រីក្រ និងជនងាយរងគ្រោះទទួលបានអំណោយមនុស្សធម៌ និងថវិកាមួយចំនួនរបស់កាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាកបានមួយរយៈផងដែរ។

ទន្ទឹមនឹងនេះ លោកជំទាវក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាថែទាំ សុខភាព ដោយបរិភោគ ទឹកស្អាត ដេកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ចៀសវាងកើតជំងឺគ្រុនចាញ់ និងគ្រុនឈាម ដែលកំពុងកើតមាននៅទូទាំងប្រទេស។ ម៉្យាងទៀតត្រូវខិតខំចិញ្ចឹម សត្វ និងដាំដុះដំណាំរួមផ្សំផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពឱ្យបានសមរម្យ។

ស្របគ្នានេះដែរលោកជំទាវក៏បានសំណូមពរដល់ប្រជាពលរដ្ឋចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ។
លោកជំទាវ និងក្រុមការងារបានចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន២៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ឃីត (មុង ភួយ សារុង ក្រមា) ១ និងថវិកាមួយចំនួនផងដែរ៕
ដោយ បៃ ស៊ីថុន





