ឯកឧត្តម ទៀ សីហា អញ្ជើញចុះសួរសុខទុក្ខកងទ័ព តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម
AKP តាកែវ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចបង្គោលព្រំដែនលេខ២៧៥ កម្ពុជា-វៀតណាម ច្រកទ្វារអន្តរជាតិភ្នំដិន និងជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៣ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលឆាប់ៗខាងមុខនេះ នៅទីបញ្ជាការកងវរសេនាតូចលេខ៣៣៣ ក្នុងភូមិសាស្ត្រស្រុកគិរីវង់ ខេត្តតាកែវ ដោយមានអញ្ជើញចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោកស្នងការនគរបាលខេត្តតាកែវ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងនាយទាហាន នាយទាហានរង ពលទាហាន កងវរសេនាតូចលេខ៣៣៣ ដែលឈរជើងនៅតាមបណ្ដោយព្រំដែនរវាងខេត្តតាកែវ និងខេត្តអាងយ៉ាងប្រទេសវៀតណាម។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការកោតសរសើរដល់វីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពយើង ដែលឈរជើងនៅតាមបណ្ដោយព្រំដែន ក្នុងការការពារបូរណភាពទឹកដី។ ហើយរាល់បញ្ហាកើតឡើងនៅតាមព្រំដែន គឺយើងមានយន្តការក្នុងការជជែកគ្នាដោះស្រាយ តាមរយៈគណៈកម្មាធិការព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាម។ ហើយបើករណីកើតឡើងនៅប្រទេសថៃ ក៏យើងទាក់ទងទៅនឹងថ្នាក់ដឹកនាំក្រសួងការពារជាតិថៃ និងគណៈកម្មាធិការព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា បច្ចុប្បន្នក្រសួងការពារជាតិមានផែនការក្នុងការបើកវគ្គបំប៉នហ្វឹកហ្វឺន ដល់នាយទាហាន នាយទាហានរង និងពលទាហាន ដើម្បីឱ្យចេះប្រើប្រាស់ឧបករណ៍ថ្មីៗទំនើបៗបន្ថែមទៀត។ ជាពិសេសកងទ័ពដែលឈរជើងតាមព្រំដែនត្រូវក្ដាប់ឱ្យបានចំពោះសភាពការណ៍នៅតាមព្រំដែន ត្រូវធ្វើការតាមដាននិងវិភាគព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ព្រោះបច្ចុប្បន្នព័ត៌មានតាមបណ្ដាញសង្គមមួយចំនួនគឺព័ត៌មានក្លែងក្លាយ និងមានចរិតញុះញង់ ដូចជាករណីរឿងបញ្ហាព្រំដែនជាមួយប្រទេសថៃជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍បន្ថែមថា បញ្ហាព្រំដែនជាបញ្ហារសើបមួយ ព្រោះក្រុមប្រឆាំងតែងតែលើកបញ្ហាព្រំដែននេះយកមកធ្វើការវាយប្រហារចំពោះរាជរដ្ឋាភិបាល។ ដូចជាករណីCLVជាមួយប្រទេសឡាវ និងវៀតណាម ដែលរាជរដ្ឋាភិបាលសម្រេចលុបCLVជាមួយប្រទេសឡាវ និងវៀតណាមទៅហើយ ក៏ពួកគេនៅលើកយកបញ្ហាព្រំដែនជាមួយប្រទេសថៃ មកធ្វើការវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាវិញម្ដង៕


ដោយ អ៊ុច សៀង





