រដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំកិច្ចប្រជុំពិភាក្សាការអនុវត្តការងារលើការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារលើការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ចើញចូលរួមពីអភិបាលងខេត្ត នាយករដ្ឋបាលខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម អ៊ឹម សិទ្ធីរ៉ា បានលើកឡើងថា ដោយសារកំណើនសេដ្ឋកិច្ចសង្គម និងតម្រូវការនគររូបនីយកម្មកើនឡើង បានធ្វើឱ្យបរិមាណសំរាម សំណល់រឹងនៅតាមទីប្រជុំជននានាតាមបណ្តារាជធានី ខេត្តទូទាំងប្រទេស ពិសេសខេត្តកំពង់ស្ពឺមានការកើនឡើងនិងបង្កផលប៉ះពាល់ដល់បរិស្ថាន អនាម័យ សុខភាពសាធារណៈ និងសោភ័ណភាពទីក្រុង ទីប្រជុំជន។ ដើម្បីដោះស្រាយបញ្ហានេះ និងធានាឱ្យការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចផ្ទេរមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននេះមកឱ្យរដ្ឋបាលរាជធានី និងរដ្ឋបាលក្រុង ស្រុកដែលនៅកៀកជិតប្រជាពលរដ្ឋជាអ្នកអនុវត្ត តាមរយៈអនុក្រឹត្យលេខ១១៣ ដែលបានដាក់ចេញកាលពីឆ្នាំ២០១៥។

ពាក់ព័ន្ធនឹងគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា បច្ចុប្បន្នរដ្ឋបាលខេត្តកំពុងជំរុញលើកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់វិស័យបរិស្ថាន គឺភាពស្អាត ភាពបៃតង និងចីរភាព។ ខេត្តកំពង់ស្ពឺបានក្លាយជាគោលដៅវិនិយោគឈានមុខគេនៅកម្ពុជា ដោយទទួលបានចំនួនគម្រោងខ្ពស់បំផុតក្នុងឆ្នាំ ២០២៤កន្លងទៅ។ ក្នុងចំណោមគម្រោងវិនិយោគសរុបចំនួន៤១៤ ដែលត្រូវបានអនុម័តទូទាំងប្រទេស ខេត្តកំពង់ស្ពឺបានទាក់ទាញគម្រោងចំនួន៩៣ ដែលឈរនៅលំដាប់កំពូល និងបង្ហាញពីសារៈសំខាន់សេដ្ឋកិច្ចដែលកំពុងកើនឡើង។ ជាមួយនោះដោយចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ដែលជាវិធីសាស្ត្រ «ទាក់ម៉ូយវិនិយោគ» របស់សម្តេចបានធ្វើឱ្យខេត្តកំពង់ស្ពឺក្លាយជាបណ្តុំរោងចក្រសហគ្រាសដែលគិតមកដល់បច្ចុប្បន្នខេត្តនេះមានរោងចក្រសហគ្រាសប្រមាណ១៣៩២កន្លែង និងមានកម្មករកម្មការិនីជិត២៥ម៉ឺនកំពុងបម្រើការ ដែលចំនួននេះក៏បាន និងកំពុងធ្វើឱ្យខេត្តកំពង់ស្ពឺប្រឈម និងផលប៉ះពាល់ធ្ងន់ធ្ងរពីការអភិវឌ្ឍនេះផងដែរ។ ដើម្បីដោះស្រាយកង្វល់ខាងលើ រដ្ឋបាលខេត្តក៏បានបម្រុងទុកដីប្រមាណ១៥ហិកតា សម្រាប់ជាទីលានចាក់សំរាម។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានធ្វើការអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជីវករនិងប្រជាពលរដ្ឋ ចូលរួមយុទ្ធនាការកាត់បន្ថយ និងសម្អាតសំរាមប្លាស្ទិក ដោយដាក់ចេញនូវយុទ្ធសាស្ត្រ "ផ្លូវជាតិស្អាត គ្មានសំរាមប្លាសស្ទិក" និងរៀបចំឡដុតសំរាម និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕

ដោយ លឹម សាន្ត





