លោក សាយ គឹមឡម អំពាវនាវដល់ប្រជាពលរដ្ឋឱ្យជឿជាក់គោលនយោបាយគ្រប់គ្រងដីរដ្ឋ និងដីសម្បទានរបស់រាជរដ្ឋាភិបាល
AKP កំពង់ធំ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជឿជាក់លើគោលនយោបាយគ្រប់គ្រងដីរដ្ឋ និងដីសម្បទានរបស់រាជរដ្ឋាភិបាល ក្នុងឱកាសដែលលោក និងសហការីអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅភូមិឈើទាលកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង លោក សាយ គឹមឡម បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែល តែងគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ពេលវេលា។ ទាំងនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់លោកនឹងសហការី ដែលតែងតែគិតគូរយកចិត្តទុកដាក់ហើយនៅស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ទន្ទឹមនឹងនេះ លោក សាយ គឹមឡម បានលើកទឹកចិត្តដល់អាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវខិតខំគិតគូរយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពជាពិសេសពុកម៉ែបងប្អូនដែលមានពិការភាពមានជីវភាពខ្វះខាតនិងងាយរងហានិភ័យជាដើម និងបានថ្លែងអំណរគុណដល់ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង និងឃុំកំពង់ចិនត្បូងក៏ដូចជាអាជ្ញាធរពាក់ព័ន្ធដែលតែងតែគិតគូរយកចិត្តទុកដាក់ផ្ដល់ស្បៀងសង្គ្រោះដល់ពុកម៉ែបងប្អូនដែលមានជីវភាពខ្វះខាតនៅក្នុងឃុំកំពង់ចិនត្បូង ក្នុងឱកាសនេះក៏ដូចជាពេលកន្លងមក។

សូមបញ្ជាក់ថាអំណោយដែលចែកជូនពុកម៉ែបងប្អូនទាំង១៥គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ១យួរ៕

ដោយ ស៊ុម វណ្ណា





