ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ក្នុងស្រុកថ្មពួកទទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥--ប្រជាពលរដ្ឋចំនួន១១គ្រួសារក្នុងមូលដ្ឋានមួយចំនួនស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីសម្រាប់ជួយសម្រាលដល់ជីវភាពរស់នៅរបស់ពួកបានមួយគ្រា។

អំណោយមនុស្សធម៌ដែលមានជាគ្រឿងបរិភោគឧបភោគ និងថវិកាត្រូវបានអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ជាប្រធានគណៈកម្មាធិការសាខា ចាត់ឱ្យលោក យុត ស្វិនី ហេរញឹកគណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខាគណៈកម្មាធិការអនុសាខា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននាំអំណោយរបស់សាខាទៅសួរសុខទុក្ខ ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១១គ្រួសារ ក្នុងភូមិផ្លូវបំបែក ឃុំគោករមៀត ស្រុកថ្មពួក កាលពីរសៀលថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសសួរសុខទុក្ខ លោក យុត ស្វិនី បានចូលរួមសោកស្តាយចំពោះប្រជាពលរដ្ឋទាំង១១គ្រួសារដែលបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នាពេលកន្លងទៅថ្មីៗនេះ និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ផ្គររន្ទះ កុំចេញទៅវាល និងកុំនៅក្រោមដើមឈើ ត្រូវស្វែងរកកន្លែងដែលមានសុវត្ថិភាព ជាពិសេស សូមបងប្អូនត្រូវចេះថែរក្សាសុខភាពគឺរស់នៅត្រូវមានអនាម័យស្អាតជានិច្ច ហូបស្អាតផឹកស្អាត ព្រោះឥឡូវធាតុអាកាសរដូវប្រាំងមានការឡើងកម្ដៅខ្លាំង សូមឱ្យបបងប្អូនត្រូវពិសារទឹកបានច្រើនផង។

សូមជម្រាបជូនថា អំណោយដែលសាខានាំមកចែកជូននាពេលនេះក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មីជាតិ១កេស ត្រីខ១យួរ ទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា២ម៉ឺនរៀល ចំណែកគ្រួសាររលំផ្ទះទាំងស្រុងទទួលបានតង់ប្លាស្ទិក១ផ្ទាំង និងថវិកាចំនួន២០ម៉ឺនរៀល។ ប្រជាពលរដ្ឋទាំង១១គ្រួសារបានរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ក្នុងនោះមានឃុំគោករមៀត មាន៥ភូមិ ស្មើ៩គ្រួសារ ឃុំថ្មពួកមាន១ភូមិ ស្មើ១គ្រួសារ និងឃុំគោកកឋិនមាន១ភូមិ ស្មើ១គ្រួសារ៕

ដោយ ឈុន សារ៉ាត





