លោក ហាក់ ម៉ុងហួត អំពាវនាវដល់ប្រជានេសាទកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
AKP កំពង់ធំ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥-- លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានអំពាវនាវដល់ប្រជានេសាទកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតំបន់ទួលតាមុំ ស្ថិតនៅក្នុងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

លោក ហាក់ ម៉ុងហួត បានបញ្ជាក់ថា នាពេលកន្លងមកទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោកបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពបទល្មើសនេសាទខុសច្បាប់ដែលបង្កឡើងដោយជនខិលខូចមួយចំនួនតូចដែលមិនស្ដាប់តាមការអប់រំណែនាំរបស់មន្ត្រីជំនាញដែលបានចុះមកផ្សព្វផ្សាយអប់រំនៅតាមបណ្ដាសហគមន៍នេសាទនៅគ្រប់មូលដ្ឋាន និងជារៀងរាល់ឆ្នាំ អំពីច្បាប់ស្ដីពីជលផលពិសេសគឺការនេសាទដោយប្រើប្រាស់នូវឧបករណ៍ស្បៃមុង។

លោកអភិបាលស្រុកបានអំពាវនាវដល់ប្រជានេសាទទាំងអស់សូមអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញឱ្យបានត្រឹមត្រូវសូមកុំប្រើឧបករណ៍ណាដែលច្បាប់ហាមឃាត់ និងសូមអនុវត្តទៅតាមការអប់រំណែរបស់មន្ត្រីជំនាញស្ដីពីជលផល និងរួមគ្នាអនុវត្តតាមច្បាប់ពាក់ព័ន្ធនឹងដីធ្លី ដោយកុំនាំគ្នារំលោភបំពានលើដីតំបន់៣ ដែលច្បាប់ហាមឃាត់នាំឱ្យមានទោសទណ្ឌដល់ខ្លួន ព្រមទាំងបានថ្លែងអំណរគុណដល់ទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោក ដែលតែងចូលរួមសហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផលក្នុងការចុះបង្ក្រាបនូវរាល់សកម្មភាពបទល្មើសនេសាទនាពេលកន្លងមក និងពេលបច្ចុប្បន្ននេះ៕


ដោយ ស៊ុម វណ្ណា





