ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី និងពង្រឹងការអនុវត្តសេចក្តីណែនាំរបស់ក្រសួងការពារជាតិ
AKP កំពង់ធំ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥-- នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានដំណើរការបិទវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី និងពង្រឹងការអនុវត្តសេចក្តីណែនាំលេខ០០៣/២០២០ របស់ក្រសួងការពារជាតិស្ដីពីវិធានការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិននៃខ.ភ.ម បទវិន័យទូទៅសម្រាប់ខ.ភ.ម និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

បន្ទាប់ពីមេបញ្ជាការ និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រួតពិនិត្យការហ្វឹកហាត់នៅលើទីលានជាក់ស្ដែងស្ដីអំពីមេរៀនលំហាត់របៀបរបស់កងយោធពលខេមរភូមិន្ទដែលបានហ្វឹកហ្វឺនអស់រយៈពេល៧ថ្ងៃកន្លងទៅរួចមក លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយការិយាល័យហ្វឹកហ្វឺននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្តីអំពីលទ្ធផលការងារហ្វឹកហ្វឺនលំហាត់របៀបរយៈពេលខ្លី ដោយបានវាយតម្លៃអំពីចំណុចខ្លាំងចំណុចខ្សោយ និងលទ្ធផលនៃការហ្វឹកហ្វឺន ដោយទទួលបានលទ្ធផលល្អប្រសើរ។សិក្ខាកាមមានការយល់ដឹងនិងអនុវត្តជាក់ស្ដែងបានល្អតាមខ្លឹមសារនៃមេរៀននីមួយៗ ដែលគ្រូយោធាចារ្យបានបង្រៀន។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះគ្រូយោធាចារ្យ នាយទាហាន នាយទាហានរងនិងពលទាហាន ជាសិក្ខាកាមទាំងអស់ ដែលបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការហ្វឹកហ្វឺន រៀនសូត្រក្នុងរយៈពេល៧ថ្ងៃកន្លងទៅនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមផែនការដែលមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់ចេញ និងបានណែនាំដល់សិក្ខាកាមទាំងអស់ក្រោយពេលវិលត្រឡប់ទៅកាន់អង្គភាពវិញ ត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺនបំប៉នរំលឹកមេរៀនលំហាត់របៀបនេះឱ្យបានក្នុង១សប្តាហ៍១ដងជាប្រចាំ ដើម្បីឱ្យយើងទាំងអស់គ្នានៅតែចងចាំមេរៀនដែលយើងបានសិក្សារៀនសូត្រកន្លងទៅ។

ជាមួយគ្នានោះដែរ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអប់រំរៀនសូត្រ និងពង្រឹងយោធិនក្រោមឱវាទឱ្យបានជាប់ជាប្រចាំតាមខ្លឹមសារនៃសេចក្តីណែនាំលេខ០០៣/២០២០ របស់ក្រសួងការពារជាតិស្ដីពីវិធានការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិននៃខ.ភ.ម បទវិន័យទូទៅសម្រាប់ខ.ភ.ម និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ ដើម្បីឱ្យយោធិនយើងមានកាយសម្បទាគ្រប់គ្រាន់ និងមានសមត្ថភាពប្រកបដោយសេចក្តីថ្លៃថ្នូរសមស្របជាកងយោពលខេមរភូមិន្ទក្នុងកំណែទម្រង់ថ្មី ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពម៉ឺងម៉ាត់ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





