រដ្ឋមន្ត្រីក្រសួងការពារជាតិចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅភូមិសាស្រ្តយោធភូមិភាគពិសេស
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ -- ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ស្ថិតនៅក្នុងសាស្រ្តយោធភូមិភាគពិសេស នៅទីបញ្ជាកងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេស នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលសម្តេចធិបតី និងលោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះកងទ័ព និងគ្រួសារកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិសុខជូនប្រជាពលរដ្ឋនៅទិសជួរមុខនៃមាតុភូមិ។ សន្តិភាពដែលរកបានដោយលំបាកត្រូវរួមគ្នាការពារឱ្យបានគង់វង្ស។

ក្នុងឱកាសនោះ ឯកឧត្តមបានជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់មេបញ្ជាការ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ដែលស្ថិតនៅក្នុងភូមិសាស្រ្ត យោធភូមិភាគពិសេសទាំងអស់ ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ព្រមទាំងសម្រេចបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





