ឯកឧត្តម ប៊ិន ត្រឈៃ អញ្ជើញបិទសិក្ខាសាលាណែនាំដល់មន្ត្រីរាជការក្រសួងផែនការ និងមន្ទីរផែនការរាជធានី ខេត្ត ដែលបានចូលនិវត្តន៍ និងជិតចូលនិវត្តន៍
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាណែនាំដល់មន្ត្រីរាជការក្រសួងផែនការ និងមន្ទីរផែនការរាជធានី ខេត្ត ដែលបានចូលនិវត្តន៍ និងជិតចូលនិវត្តន៍ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំនៃក្រសួងផែនការ ប្រធានមន្ទីរផែនការរាជធានី ខេត្ត និងឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការមកពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងលោក លោកស្រី ជានិវត្តន៍ជន និងជិតចូលនិវត្តន៍ នៃក្រសួងផែនការជាច្រើនរូប នៅទីស្តីការក្រសួងផែនការ។

តាមរបាយការណ៍សង្ខេបរបស់ឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ និងជាប្រធានសមាគមមន្ត្រីរាជការក្រសួងផែនការ បានជម្រាបជូនថា សិក្ខាសាលាត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ និងសមាគមមន្ត្រីរាជការក្រសួងផែនការ ក្នុងគោលបំណង៖ ទី១- ផ្តល់ការលើកទឹកចិត្ត ទី២-ការគាំទ្រពីថ្នាក់ដឹកនាំក្រសួងផែនការ និងសម្តែងនូវការដឹងគុណដល់មន្ត្រីចូលនិវត្តន៍ ទី៣-ចែករំលែកនិងផ្តល់នូវបទពិសោធន៍ និងចំណេះដឹងបន្ថែមខ្លះៗ ដល់មន្ត្រីដែលបានចូលនិវត្តន៍ និងមន្ត្រីដែលនឹងចូលនិវត្តន៍នៅឆ្នាំបន្ទាប់ ដើម្បីត្រៀមរៀបចំដំណើរជីវិតនាវ័យចាស់ និងទី៤-បង្កើតបណ្តាញទំនាក់ទំនងមន្ត្រីក្រសួងផែនការដែលបានចូលនិវត្តន៍ទាំងអស់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ បានមានប្រសាសន៍ថា ការឈានចូលវ័យចាស់ គឺជាប្រការដែលមនុស្សគ្រប់រូបមិនអាចចៀសផុត។ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ផ្តោតលើអាទិភាពចំនួន៩ រួមមាន៖ ១. ការធានាឱ្យបាននូវសន្តិសុខហិរញ្ញវត្ថុ ២. សុខភាព និងសុខុមាលភាព ៣. របៀបរបបការរស់នៅ ៤. បរិស្ថានអំណោយផល ៥. សមាគមមនុស្សចាស់ និងវ័យចាស់សកម្ម ៦. ទំនាក់ទំនងអន្តរជំនាន់ ៧. ការរំលោភបំពាននិងអំពើហិង្សាលើមនុស្សចាស់ ៨. ស្ថានភាពមានអាសន្ន និង៩. ការត្រៀមខ្លួនរបស់ប្រជាជនវ័យក្មេង។ ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ និងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ក្រសួងផែនការ បានដាក់បញ្ចូលនូវសកម្មភាពមួយនៅក្នុងផែនការសកម្មភាពនៃគោលនយោបាយនេះ គឺរៀបចំសិក្ខាលាសាស្តីពីការណែនាំដល់មន្ត្រីរាជការក្រសួងផែនការ និងមន្ទីរផែនការរាជធានី ខេត្ត ដែលបានចូលនិវត្តន៍និងជិតចូលនិវត្តន៍។

ថ្លែងក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តម ប៊ិន ត្រឈៃ បានបញ្ជាក់ថា ពេលនេះភាគរយប្រជាជនវ័យចាស់នៅកម្ពុជា នៅមានសមាមាត្រទាបនៅឡើយ ប៉ុន្តែភាគរយនេះ នឹងកើនឡើងគួរកត់សម្គាល់ចាប់ពីឆ្នាំ២០៤០ ទៅ។ ការកើនឡើងនេះ ដោយសារកត្តាគួបផ្សំចំនួន៣គឺ៖ ១. ការឈានចូលវ័យចាស់នៃប្រជាជនជំនាន់បន្ទុះទារកដែលកើតនៅ ក្នុងទសវត្សឆ្នាំ១៩៨០ និងដើមទសវត្ស ឆ្នាំ១៩៩០ ២. ការថយចុះនៃអត្រាលទ្ធភាពមានកូនក្រោយជំនាន់បន្ទុះទារក (Baby Boom) និង៣. ភាពប្រសើរឡើងនៃអាយុកាលសង្ឃឹមរស់។ ក្នុងស្មារតីនេះ ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ សំដៅផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាមនុស្សវ័យចាស់ ជាពិសេសបញ្ហាសុខភាព, ការយល់ដឹងអំពីសង្គមនិងការចូល រួមក្នុងសកម្មភាពសង្គម, និងការទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមជាដើម។ ជាមួយគ្នានេះដែរ ការដាក់ចេញគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ គឺដើម្បីត្រៀមលក្ខណៈពីចម្ងាយដើម្បីបញ្ចៀសនូវហានិភ័យនៃកំណើនមនុស្សវ័យចាស់ដែលនឹងអាចកើតមានជាយថាហេតុ និងធានាឱ្យបានថាមនុស្សចាស់មានលទ្ធភាពទទួលបានឱកាសចូលរួមក្នុងការអភិវឌ្ឍ និងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍប្រទេសរបស់ខ្លួន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា វប្បធម៌ និងប្រពៃណីខ្មែរដ៏ត្រចះត្រចង់ ដែលមានតាំងពីបុរាណមក គឺការផ្តល់តម្លៃខ្ពស់ទៅលើការគោរពប្រតិបត្តិ និងមើលថែទាំមនុស្សចាស់ ទោះក្នុងគ្រួសារក្តី ទោះក្នុងសង្គមក្តី។ ជាមួយគ្នានេះការពង្រឹងទំនាក់ទំនងអន្តរជំនាន់ គឺពិតមានសារៈសំខាន់សម្រាប់សង្គមខ្មែរនាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ដើម្បីរក្សាបាននូវទំនាក់ទំនងល្អរវាងមនុស្សពីជំនាន់មួយ ទៅជំនាន់មួយទៀត ទាំងការផ្ទេរទ្រព្យធន ទាំងការផ្ទេរចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងចំណុចខ្វះខាតដែលអ្នកជំនាន់មុនមិនបានបំពេញ ឬមិនទាន់បានធ្វើ ដែលការណ៍នេះ នឹងរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងន័យនេះយើងទាំងអស់គ្នាអាចចូលរួមធ្វើនូវសកម្មភាពមួយចំនួន ដូចជា ការលើកទឹកចិត្តមនុស្សវ័យក្មេងឱ្យស្ម័គ្រចិត្តជួយដល់មនុស្សចាស់ ការរៀបចំបណ្តុះបណ្តាល និងគាំទ្រដល់មនុស្សចាស់លើបញ្ហាការប្រើប្រាស់មធ្យោបាយប្រាស្រ័យទាក់ទងគ្នា ដើម្បីឱ្យពួកគាត់រក្សានូវទំនាក់ទំនងជាមួយនឹងកូនចៅ ជាមួយមនុស្សពេញវ័យ និងសាច់ញាតិក្មេងៗ ដទៃទៀតរបស់ពួកគាត់ និងការដាក់បញ្ចូលវគ្គសិក្សាអំពីសារៈសំខាន់នៃការគោរព និងការធ្វើទំនាក់ទំនងជាមួយនឹងមនុស្សចាស់ នៅក្នុងកម្មវិធីសិក្សាស្ថាប័ន បណ្តុះបណ្តាល និងសាលារៀននានាជាដើម។ ដូចគ្នានេះដែរ ការផ្តល់នូវបរិស្ថានល្អ និងការជំរុញការលើកទឹកចិត្តដល់មនុស្សវ័យក្មេងឱ្យត្រៀមខ្លួនកាន់តែប្រសើរសម្រាប់ឈានចូលវ័យចាស់ ប្រកបដោយសុខភាពល្អនិងសកម្ម គឺជាប្រការដែលត្រូវយកចិត្តទុកដាក់ខ្ពស់។ វេទិកានេះគឺជាសក្ខីភាពមួយក្នុងការរួមចំណែកឈានទៅសម្រេចបាននូវគោលដៅរបស់គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០២៧-២០៣០។

ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា អង្គសិក្ខាសាលានេះនឹងផ្តល់ជូនមន្ត្រីរាជការក្រសួងផែនការ ដែលបានចូលនិវត្តន៍ និងជិតចូលនិវត្តន៍ នូវបទពិសោធន៍ និងចំណេះដឹងបន្ថែម ដើម្បីជាមូលដ្ឋានក្នុងការត្រៀមរៀបចំដំណើរជីវិតនាវ័យចាស់ និងផ្សារភ្ជាប់បណ្តាញទំនាក់ទំនងមន្ត្រីរាជការក្រសួងផែនការ ដែលបានចូលនិវត្តន៍ទាំងអស់៕
ដោយ ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងផែនការ)





