សាកលវិទ្យាធិការសាកលវិទ្យាល័យឯកទេសនៃកម្ពុជាជំរុញឱ្យប្អូនៗនិស្សិតទាំងអស់ចាប់យកមុខវិជ្ជាស្នូលមួយឱ្យបានច្បាស់លាស់
AKP កំពង់ធំ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ -- ឯកឧត្តម បណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានជំរុញឱ្យប្អូនៗនិស្សិតទាំងអស់ត្រូវចាប់យកមុខវិជ្ជាស្នូលមួយឱ្យបានច្បាស់លាស់ នៅក្នុងវេទិកា CUS ប្រចាំឆ្នាំ២០២៦ ស្តីពី «ការកសាងអាជីព និងការសិក្សាពេញមួយជីវិត» កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សាខាខេត្តកំពង់ធំ។
លោក តាក កាក់នីកា នាយកសាខា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តកំពង់ធំ បានមានប្រសាសន៍ថា បុគ្គលគ្រប់រូបកើតមកចង់មានសុភមង្គល ក្នុងនោះតម្រូវឱ្យមានការងារអាជីពប្រចាំជីវិត ហើយការងារនេះទទួលបានតាមការសិក្សារៀនសូត្រ។ ការសិក្សាស្រាវជ្រាវរៀនសូត្រដើម្បីទទួលបានការងារ តម្រូវឱ្យមានការបញ្ចប់ជាអប្បបរមានូវកម្រិតសិក្សាដែលជាលក្ខខណ្ឌទទួលបានការងារ និងជាមូលដ្ឋានបន្តរៀនសូត្រ ឬសិក្សាពេញមួយជីវិត។ លោកបន្តថា ការសិក្សាពេញមួយជីវិតជាផែនការគន្លឹះមួយរបស់គោលនយោបាយជាតិ ហើយវាជាការសិក្សាដោយមនុស្សគ្រប់វ័យគ្រប់ពេល គ្រប់ទីកន្លែង ក្រៅផ្លូវការ ឬជាផ្លូវការ។

លោកបានបញ្ជាក់ថា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តកំពង់ធំ បានរៀបចំកម្មវិធីដែលជាផ្នែកមួយក្នុងយន្តការពង្រឹងគុណភាពរៀន សិក្សាស្រាវជ្រាវក្នុងប្រធានបទ «ការកសាងអាជីព និងការសិក្សាពេញមួយជីវិត»។ ក្នុងកម្មវិធីនេះក៏មានការដាក់បង្ហាញពិព័រណ៍ខ្នាតតូចអំពីផលិតផល សេវាកម្មរបស់អង្គភាពដែលជាដៃគូសហការរបស់សាកលវិទ្យាល័យ CUS ផងដែរ។ កម្មវិធីនេះចូលរួមដោយនិស្សិតដែលកំពុងសិក្សា និងនិស្សិតចុះឈ្មោះចូលរៀនថ្មីចំនួនប្រមាណ ២៥០អង្គ/នាក់ ដើម្បីរៀនសូត្រ និងស្តាប់ការអធិប្បាយរបស់វាគ្មិនជំនាញ និងល្បីៗមួយចំនួនមកពីស្ថាប័នពាក់ព័ន្ធ ដូចជា ធនាគារ ទីភ្នាក់ងារជាតិ និងមុខរបរ ដែលជាអង្គភាពសម្របសម្រួលរកការងារ និងផ្តល់កន្លែងការងារដល់និស្សិត សាស្ត្រាចារ្យជំនាញបច្ចេកវិទ្យាព័ត៌មាន(បញ្ញាសិប្បនិម្មិត)។


ឯកឧត្តមបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានមានប្រសាសន៍ថា ជាសរុប វាគ្មិនទាំងអស់បានអះអាងថា ការកសាងអាជីពជាក់លាក់ពិតជាចាំបាច់ទាមទារឱ្យមានការសិក្សាស្រាវជ្រាវបន្តយ៉ាងតិចកម្រិតបរិញ្ញាបត្រ ដើម្បីទទួលបាននូវចំណេះដឹង និងជំនាញមូលដ្ឋានសម្រាប់ការបន្តនូវការសិក្សាពេញមួយជីវិត ។ ឯកឧត្តម បានបន្តថា ក្នុងសម័យឌីជីថលដែលបច្ចេកវិទ្យាព័ត៌មានវិជ្ជាមានការវិវត្តជាខ្លាំង ក៏ដូចជាពេញនិយម និងបានចូលរួមជាសំខាន់ក្នុងការសិក្សា ការងារនោះ វាគ្មិនបានស្នើឱ្យនិស្សិតមកស្រាវជ្រាវ បុគ្គលទាំងអស់ត្រូវខិតខំរៀនសូត្រចាប់ឱកាសបញ្រ្ជាបជំនាញ AI ជាមូលដ្ឋាន ដើម្បីឱ្យការងារ ឬការរៀនសូត្រទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។
ឯកឧត្តមានបញ្ជាក់ថា រយៈពេលជាង ២០ឆ្នាំមកនេះ ជាមួយទីតាំង និងសាខាទាំង៧ មានការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត(កំពង់ចាម កំពង់ធំ សៀមរាបបន្ទាយមានជ័យ បាត់ដំបង និងកំពត) សាកលវិទ្យាល័យឯកទេសនៃកម្ពុជាបានបណ្តុះបណ្តាលនិស្សិតដោយជោគជ័យចំនួនជាង ៥ម៉ឺននាក់រួចមកហើយ និងមាននិស្សិតជិត ២ម៉ឺននាក់ទៀតកំពុងសិក្សាតាមឯកទេសផ្សេងៗជាច្រើននៃមហាវិទ្យាល័យទាំង៧ក្នុងគោលដៅកសាងឱ្យបានមូលធនមនុស្សល្អឆ្នើមសម្រាប់ប្រទេសជាតិ ដោយសាកលវិទ្យាល័យបានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តចម្បងចំនួន៣ គឺបណ្តុះបណ្តាលប្រកបដោយគុណភាព បណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពវិជ្ជាជីវៈ និងអប់រំបណ្តុះបណ្តាលឱ្យមានគុណតម្លៃឆ្នើម។


ផ្អែកលើគោលដៅខាងលើនេះ សាកលវិទ្យាល័យបានធ្វើការវិនិយោគយ៉ាងច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ សំដៅប្តូរផ្តាច់សម្រេចឱ្យទាល់តែបាននូវបេសកកម្មដ៏មានសារសំខាន់ខាងលើនេះ មានជាអាទិ៍ បានកសាង និងអភិវឌ្ឍន៍ទីតាំងគោលដ៏ធំស្អាតទំនើបនៅភ្នំពេញ ព្រមទាំងសាខានៅតាមខេត្តផងដែរ ដែលបានបើកមហាវិទ្យាល័យថ្មីបន្ថែមចំនួន២ គឺមហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម និងមហាវិទ្យាល័យបច្ចេកវិទ្យាឌីជីថល លើសពីនេះ បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបរទេស ក្នុងការផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិតរបស់ខ្លួនដើម្បីបន្តការសិក្សាជំនាញជាន់ខ្ពស់នៅសាកលវិទ្យាល័យដៃគូ។

ឯកឧត្តមបណ្ឌិត មាស បូរ៉ា បញ្ជាក់ថា សាកលវិទ្យាល័យក៏បានផ្តល់អាហារូបករណ៍ជាច្រើនប្រភេទដល់និស្សិតរបស់ខ្លួនដើម្បីសិក្សានៅតាមទីតាំងទាំង៧ របស់ខ្លួន ដែលបានបំពាក់មន្ទីរពិសោធន៍ សម្ភារឧបទ្ទេស បច្ចេកវិទ្យា បម្រើឱ្យការសិក្សាស្រាវជ្រាវកាន់តែទំនើប និងសម្បូរបែប។ ជាពិសេស ក្នុងឆ្នាំសិក្សាថ្មីនេះ សាកលវិទ្យាល័យបានផ្តល់កុំព្យូទ័រ All-in-one មួយគ្រឿងដល់និស្សិតម្នាក់ៗដែលបានចុះឈ្មោះសិក្សាក្នុងឆ្នាំសិក្សាថ្មីនេះ។ ជាមួយគ្នានេះ សាកលវិទ្យាល័យបានទិញសេវាធានារ៉ាប់រងគ្រោះថ្នាក់ចៃដន្យសម្រាប់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតរបស់ខ្លួន ដែលជាការបញ្ជាក់ឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ ក្នុងការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់ និងចក្ខុវិស័យច្បាស់លាស់ ឆ្ពោះទៅរកការកសាងខ្លួនឱ្យក្លាយជាគ្រឹះស្ថានអប់រំដែលមានគុណភាព និងកេរ្តិ៍ឈ្មោះនាំមុខគេនៅកម្ពុជា និងក្នុងតំបន់៕
ដោយ៖ ស៊ុម វណ្ណា





