ពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងមាតុភូមិ នៅមុខព្រះអង្គដងកើ និងនៅវត្ដភ្នំដូនពេញ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦-- សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាង និងអញ្ជើញជាព្រះរាជាធិបតីភាពក្នុងពិធី បួងសួងសុំ សេចក្តីសុខ សេចក្តីចម្រើន ជូនជាតិ និងមាតុភូមិ នៅព្រះអង្គដងកើ និងនៅវត្តភ្នំដូនពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦។

ក្នុងពិធីបួងសួងនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រតិភូអមដំណើរ បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ នៅព្រះអង្គដងកើ ព្រះគម្លង់ លោកតាដំបងដែក លោកតាព្រះចៅ ព្រះវិហារតូច។


សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបួងសួង ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាល តាមជួយអភិបាលប្រោះព្រំ បីបាច់ថែរក្សា និង ប្រសិទ្ធពរជ័យ ដល់សម្តេច ទ្រង់ ឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញា និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ ចៀសផុតពីជំងឺ ឧបទ្រពចង្រៃ ចៀសផុតពីគ្រោះធម្មជាតិផ្សេងៗ មានទេសចរចូលមកទស្សនាកម្ពុជាកាន់តែ ច្រើន។ សូមឱ្យកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខតាមបន្ទាត់ព្រំដែន កម្ពុជា - ថៃ មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការការពារបូរណភាពទឹកដី។ សូមឱ្យសម្រេចរាល់បំណងប្រាថ្នា ទទួលជោគជ័យ គ្រប់ការងារ និងសម្រេច បាននូវវឌ្ឍនភាពថ្មីៗបន្តទៅទៀត។ ពិសេស សូមឱ្យដំណើរការនៃកិច្ចប្រជុំលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ដំណើរការទៅដោយរលូន ប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យ៕


ដោយ សួស សំរិត





