កុមារកំព្រានៃមណ្ឌលមែកឈើថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជាដែលបានផ្តល់អំណោយមនុស្សធម៌
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥--
កាកបាទក្រហមកម្ពុជាបានផ្តល់អំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន១០លានរៀល ជូនដល់មណ្ឌលមែកឈើ ដែលមានបន្ទុកជួយផ្គត់ផ្គង់ការហូបចុក ស្នាក់នៅ និងការសិក្សារៀនសូត្រដល់កុមារកំព្រាចំនួន១៨៦នាក់ រួមជាមួយគ្រូ បុគ្គលិក និងអ្នកថែទាំចំនួន ២៧នាក់ ដែលស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសជួបសំណេះសំណាល លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានសម្តែងក្តីសោមនស្សរីករាយ និងបានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមណ្ឌលមែកឈើ ដែលបានទំនុកបម្រុងជួយមើលថែទាំ ផ្តល់ការស្នាក់នៅ ការសិក្សាអប់រំ ការហូបចុក ថែមទាំងគិតគូរដល់អនាគតរបស់កុមារ-យុវជន ដែលជាទំពាំងស្នងឬស្សី ហើយដែលនេះគឺជាការចូលរួមចំណែកជួយដល់សង្គមជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបានគោលដៅប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ ត្រូវចេះរក្សាអនាម័យក្នុងការរស់នៅ ចេះស្រឡាញ់គ្នា ជួយយកអាសាគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គមទាំងបច្ចុប្បន្ន និងទៅអនាគត។ កាកបាទក្រហមកម្ពុជាដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ បានទទួលការឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ ទើបធ្វើឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពក្នុងការចុះជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ក៏ដូចជាកុមារកំព្រា កុមារក្រីក្រ ចាស់ជរាឥតទីពឹង ជាក់ស្តែង មណ្ឌលមែកឈើ នេះជាដើម។

ជាកិច្ចឆ្លើយតប លោក ផន ផល្លា ទីប្រឹក្សាមណ្ឌលមែកឈើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ ព្រមទាំងបានឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើនសម្រាប់មណ្ឌល។ មណ្ឌលមែកឈើដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ បានជួយដល់កុមារកំព្រាទាំងឡាយដែលឪពុកម្តាយស្លាប់ចោល ឬបោះបង់ចោលនៅតាមមន្ទីរពេទ្យ ឱ្យទទួលបានការស្នាក់នៅ ការហូបចុកគ្រប់គ្រាន់ ហើយទទួលបានការសិក្សារៀនសូត្រ និងចៀសផុតពីគ្រឿងញៀន។ ជាក់ស្តែង មានយុវជនជាច្រើននាក់ដែលធ្លាប់ជ្រកក្រោមដំបូលមណ្ឌលមែកឈើ បានចូលរៀនដល់ថ្នាក់មហាវិទ្យាល័យ និងមានការងារធ្វើសមរម្យផងដែរ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនមណ្ឌលមែកឈើរួមមាន អង្ករ៣តោន មី៣០កេស ត្រីខ៥កេស ទឹកស៊ីអ៊ីវ១០យួរ អង្ករសុខភាព២០កេស ឃីត (មុង ភួយ សារុង ក្រមា) ៥០កញ្ចប់ ទឹកក្រូច២០កេស ទឹកបរិសុទ្ធ២០កេស ម្សៅទឹកដោះគោ១០០កំប៉ុងតូច សាប៊ូបោកខោអាវ១២០លីត្រ សាប៊ូកក់សក់១៨០លីត្រ សាប៊ូដុសខ្លួន២០០ដុំ សាប៊ូលាងចាន៣០លីត្រ ថ្នាំដុសធ្មេញ ២០០ទីប ច្រាស់ដុសធ្មេញ២០០ដើម និងថវិកា ១០.០០០.០០០រៀល។ ដោយឡែក កាកបាទក្រហមកម្ពុជាក៏បានឧបត្ថម្ភថវិកាចំនួន៨០ម៉ឺនរៀល សម្រាប់រៀបចំអាហារក្នុងថ្ងៃនេះ ជូនដល់កុមារកំព្រាទាំងអស់ផងដែរ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





