សិក្ខាសាលាស្តីពីការផ្សព្វផ្សាយផលិតផលឥណទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)
AKP កំពង់ស្ពឺ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥--
លោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយផលិតផលឥណទាន គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម" ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊្រុន ស្រ៊ន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច ដោយមានអ្នកចូលរួមសរុបចំនួន៨៥នាក់ ក្នុងនោះស្រីចំនួន១៧នាក់ នៅសាលប្រជុំសែនក្រអូបរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ គាំទ្រដោយគម្រោង ACSEP របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក យឹម ណន បានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលាគឺដើម្បីផ្តល់ព័ត៌មានអំពីសាវតា និងបច្ចុប្បន្នភាពនៃការអនុវត្តគេ្រមាង ACSEP សមាសភាគទី១ ផ្តល់ព័ត៌មានអំពីគោលនយោបាយឥណទានជូនដល់អង្គពិធី ការបង្ហាញអំពីបែបបទ នីតិវិធី ក្នុងការរៀបចំស្នើសុំកម្ចីដល់សហគ្រាសផលិតកែច្នៃ និងប្រមូលទិញដែលមានបំណងស្វែងរកទុនគាំទ្រផែនការអាជីវកម្មលើវិស័យកសិកម្ម កិច្ចពិភាក្សា សំណួរ-ចម្លើយ និងយន្តការទំនាក់ទំនង កិច្ចសហការផ្សេងៗ។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ សហការជាមួយមន្ត្រីជំនាញ គម្រោង ACSEP របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតពីគោលការណ៍ និងអត្ថប្រយោជន៍នៃគោលនយោបាយឥណទាន និងការស្នើសុំប្រាក់កម្ចីរបស់សហគ្រាសផលិតកែច្នៃ និងប្រមូលទិញដែលមានបំណងស្វែងរកទុនគាំទ្រផែនការអាជីវកម្មលើវិស័យកសិកម្ម។

ជាមួយគ្នានេះដែរ លោក យឹម ណន បានរម្លឹកដល់មន្រ្តីកសិកម្មពាក់ព័ន្ធនៅទូទាំងខេត្តកំពង់ស្ពឺ ធ្វើការណែនាំ កៀរគរ ប្រជាកសិករយើង ឱ្យចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មត្រឹមត្រូវ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីការប្រាក់ទាប មានទីផ្សារពិតប្រាកដ និងដើម្បីងាយស្រួលគ្រប់គ្រង ស្របតាមទស្សនទាន (មានហូប មានប្រើ មានបាន និងមានរហូត)៕
ដោយ លឹម សាន្ត





