រដ្ឋបាលខេត្តសៀមរាបរៀបចំពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥
AKP សៀមរាប ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលនេះជាទិវាមួយមានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលបានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពីគុណវុឌ្ឍិ និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សមាគមន៍ជនជាតិដើមភាគតិចឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានថ្លែងថា ការប្រារព្ធទិវាវប្បធម៌ជាតិជាឱកាសដ៏មានតម្លៃ ដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ទន្ទឹមនឹងនេះ លោកអភិបាលរងបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់រៀបចំទិវានេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសរបស់យើងដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សំបូរបែបសម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើតនូវសេចក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិទាំងនេះឱ្យស្ថិតស្ថេរគង់វង្ស។ ជាពិសេសខេត្តសៀមរាប ជាជង្រុកនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប ទាំងរូបី និងអរូបី បានកំពុងទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត៕

ដោយ ឃុត សៅ





