បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី និងពង្រឹងការអនុវត្តសេចក្តីណែនាំរបស់ក្រសួងការពារជាតិ
AKP កំពង់ធំ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥--នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី និងពង្រឹងការអនុវត្តសេចក្តីណែនាំលេខ០០៣/២០២០សណន របស់ក្រសួងការពារជាតិស្តីពី វិធានការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិននៃខ.ភ.ម បទវិន័យទូទៅសម្រាប់ខ.ភ.ម និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។

លោក អនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយការិយាល័យហ្វឹកហ្វឺននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើយរាយការណ៍អំពីខ្លឹមសារហ្វឹកហ្វឺនបំប៉នលំហាត់របៀប និងការរៀនសូត្ររំលឹកមេរៀនសេចក្តីណែនាំលេខ០០៣/២០២០សណន របស់ក្រសួងការពារជាតិ ដែលមានរយៈពេល៧ថ្ងៃ ដោយមានសិក្ខាកាមចូលរួមចំនួន១០០នាក់ គណៈកម្មការគ្រប់គ្រងវគ្គចំនួន៥នាក់ និងគ្រូយោធាចារ្យចំនួន៣នាក់ នៅបរិវេណទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះការិយាល័យហ្វឹកហ្វឺន ដែលបានសហការល្អជាមួយការិយាល័យ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំដំណើរការហ្វឹកហ្វឺនបំប៉នលំហាត់របៀប អប់រំចិត្តសាស្ត្រ និងពង្រឹងការអនុវត្តសេចកីណែនាំលេខ០០៣/២០២០ សណន របស់ក្រសួងការពារជាតិស្ដីពី វិធានការពង្រឹងអនុវត្តន៍លក្ខន្តិកៈទូទៅចំពោះយោធិននៃខ.ភ.ម បទវិន័យទូទៅសម្រាប់ខ.ភ.ម និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ ដែលមានរយៈពេលខ្លី នៅពេលនេះ ហើយក៏ត្រៀមលក្ខណៈ ដើម្បីចូលរួមអបអរសាទរក្នុងពិធីសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។

ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងកោតសរសើរចំពោះយោធិនគ្រប់រូប ដែលបានចូលរួមអនុវត្តបានយ៉ាងល្អប្រសើរ តាមសេចកីណែនាំលេខ០០៣/២០២០ របស់ក្រសួងការពារជាតិនាពេលកន្លងទៅ និងបានប្រគល់ភារកិច្ចជូនយោធាចារ្យគ្រប់រូបត្រូវយកអស់ស្មារតីទទួលខុសត្រូវ និងត្រូវយកអស់កម្លាំងកាយចិត្តក្នុងការបង្វឹក និងការអប់រំណែនាំរៀនសូត្រ ជូនដល់សិក្ខាកាមទាំងអស់ឱ្យបានល្អប្រសើរដើម្បីឆាប់យល់ដឹង និងចេះចាំស្ទាត់ តាមបណ្ដាមេរៀននីមួយៗ ដែលគ្រូបានឧទ្ទេសនាម។ ដោយឡែកចំពោះយោធិនជាសិក្ខាកាមទាំងអស់ត្រូវយកអស់ស្មារតីទទួលខុសត្រូវ និងកម្លាំងកាយចិត្ត ក្នុងការហ្វឹកហាត់រៀនសូត្រឱ្យបានស្ទាត់ជំនាញ តាមការអប់រំណែនាំ និងបង្រៀនពីគ្រូយោធាចារ្យ ពិសេសត្រូវអនុវត្តឱ្យបានមុឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុងនៃការហ្វឹកហ្វឺន ទើបយើងទទួលបាននូវចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ សមស្របជាកងយោធពលខេមរភូមិន្ទ ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





