អគារបឋមសិក្សា១ខ្នងដែលជាអំណោយរបស់អង្គការសប្បុរសធម៌ ហ្វឺសយូនីត នៅស្រុកកណ្តាលស្ទឹង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
AKP កណ្ដាល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបឋមសិក្សាចំនួន១ខ្នង ដែលមានទទឹង៩ម៉ែត្រ បណ្ដោយ៤០ម៉ែត្រ និងមាន៥បន្ទប់ ស្ថិតនៅក្នុងភូមិថ្មី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ជាអំណោយរបស់អង្គការសប្បុរសធម៌ ហ្វឺសយូនីត ។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណ និងកោតសរសើទៅដល់អង្គការសប្បុរសធម៌ ហ្វឺសយូនីត ដែលបានខិតខំជួយកៀរគរសប្បុរសជននានា ជួយចូលរួមកសាងសាលារៀននេះតាំងពីចាប់ផ្ដើម រហូតបញ្ចប់ការសាងសង់ ជូនសិស្សានុសិស្សក្នុងស្រុកកណ្តាលស្ទឹង ឱ្យមានអគារសិក្សាមួយដែលមានលក្ខណៈសមស្រប ហើយសមិទ្ធផលថ្មីមួយនេះ គឺជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានបញ្ជូនកូនចៅមកបន្តការសិក្សារៀនសូត្រឱ្យក្លាយទៅជាធនធានដ៏សម្បូរបែបរបស់ប្រទេសជាតិនាពេលខាងមុខ។ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខុមាលភាពរបស់ប្រជាពលរដ្ឋបានល្អប្រសើរ។ ដូច្នេះសន្តិភាពគឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាពនៃកិច្ចអភិវឌ្ឍន៍។ ជោគជ័យទាំងនេះផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ស្ថាបនិកនៃយោបាយឈ្នះ-ឈ្នះ និងជាបិតាសន្តិភាពរបស់កម្ពុជា ព្រមទាំងការដឹកនាំបន្តវេនយ៉ាងប៉ិនប្រសប់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា សព្វថ្ងៃនេះព្រះរាជាណាចក្រកម្ពុជាយើងមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ប្រជាពលរដ្ឋរស់នៅក្រោមដំបូលសុខសន្តិភាព។ ដូចនេះចូលបងប្អូនយើងត្រូវរួមគ្នារក្សាសុខសន្តិភាពនិងសមិទ្ធផលទាំងនេះឱ្យបានគង់វង្សស្ថិតស្ថេរ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយរបស់យើងទទួលបានសមិទ្ធផល ដើម្បីជាប្រយោជន៍នៃការអភិវឌ្ឍប្រទេស និងសង្គមជាតិយើង។
ឯកឧត្តមអភិបាលខេត្តបានជំរុញដល់មន្ទីរអប់រំ យុវជន និងកីឡា ត្រូវខិតខំជំរុញការប្រលងប្រជែងអង្គភាពផ្តល់សេវាគំរូ ក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ ជាងនេះទៅទៀតនោះ មន្ទីរអប់រំខេត្ត សូមកុំមើលត្រឹមពានរង្វាន់ដែលនឹងទទួលបានក្នុងការប្រកួតប្រជែង តែត្រូវមើលលើសពីនេះ ពោលគឺអ្វីដែលនឹងទទួលបានពីការប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យគំរូនេះ គឺជាការធ្វើឱ្យថ្នាក់ដឹកនាំ មន្ត្រីរបស់យើងទាំងអស់គ្នាបានយល់ដឹងបានកាន់តែច្បាស់នូវរាល់សូចនាករ ដើម្បីបំពេញចំណុចខ្វះខាតរបស់ខ្លួនឱ្យល្អគ្រប់សូចនាករដែលបានកំណត់ សំដៅយកមកបម្រើការងារជាក់ស្ដែងស្របតាមស្តង់ដារអប់រំជាតិ។ ជាងនេះទៅទៀតសូមអាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវខិតខំលើកគម្រោង ដើម្បីស្នើសុំថវិកាដែលទទួលបានមកពីសួយសាររ៉ែ ដើម្បីយកមកអភិវឌ្ឍវិស័យអប់រំ វិស័យសុខាភិបាល និងអភិវឌ្ឍមូលដ្ឋានខ្លួន។

ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សិស្សានុសិស្សត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ ក្នុងរដូវក្ដៅនេះ ជាពិសេសត្រូវប្រយ័ត្ន។ ចំពោះខ្សែភ្លើងអគ្គិសនី ចៀសវាងបង្កជាអគ្គិភ័យបណ្ដាលឱ្យបាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិត ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





