មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំលើកឡើងពីសារៈសំខាន់នៃការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងវប្បធម៌នៃការស្រាវជ្រាវ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីសារៈសំខាន់នៃការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងវប្បធម៌នៃការស្រាវជ្រាវដើម្បីរៀបចំសិស្សានុសិស្សសម្រាប់ការងារនាពេលអនាគត និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន CODEUS សម្រាប់កិច្ចខិតខំប្រឹងប្រែង និងការផ្តួចផ្តើមរៀបចំសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពនេះឡើង។ ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី បានធ្វើឡើងក្នុងសិក្ខាសាលាអភិវឌ្ឍសមត្ថភាពស្ដីភាពជាអ្នកដឹកនាំ វិធីសាស្ត្របង្រៀនបែបទំនើប និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់ការអប់រំ សម្រាប់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រោមការរៀបចំដោយក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធី Software(CODEUS) សហការជាមួយមជ្ឈមណ្ឌល SEAMEO TED កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដែលសិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាដោយផ្តល់នូវយុទ្ធសាស្ត្រជាក់ស្តែងសម្រាប់ពង្រឹងភាពបត់បែន និងភាពធន់ក្នុងការដឹកនាំក្នុងប្រព័ន្ធអប់រំកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់អ្នកអប់រំក្នុងការបណ្តុះពលរដ្ឋដែលមានជំនាញ និងទំនួលខុសត្រូវ និងបានបង្ហាញពីតម្រូវការនៃការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ និងជាប្រចាំដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃពិភពលោក និងការរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើបដូចជាបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំជាដើម។

ឯកឧត្តមបណ្ឌិតក៏បានលើកឡើងពីសារៈសំខាន់នៃការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងវប្បធម៌នៃការស្រាវជ្រាវដើម្បីរៀបចំសិស្សានុសិស្សសម្រាប់ការងារនាពេល អនាគត និងបានលើកទឹកចិត្តអ្នកចូលរួមឱ្យទទួលយកការផ្លាស់ប្តូរឌីជីថល ការច្នៃប្រឌិត នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាថាប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជានៅតែប្រកួតប្រជែង និងមានភាពពាក់ព័ន្ធ។

សូមបញ្ជាក់ថា សិក្ខាសាលានេះផ្តោតជាសំខាន់លើកម្មវិធីកុំព្យូទ័រដែលជំនួយដល់ខួរក្បាល ដើម្បីបង្កើតបរិស្ថានសិក្សាដែលមានឥទ្ធិពល ហើយក៏ជាវេទិកាដែលអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញអន្តរជាតិ និងគ្រូបង្វឹកដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ហើយវាក៏ចូលរួមចំណែកលើកកម្ពស់ភាពជាអ្នកដឹកនាំ បង្កើតជាធាតុចូលសំខាន់ៗ និងគំនិតផ្តួចផ្តើមដំណើរការនៃការផ្លាស់ប្តូរឆ្ពោះទៅរកការលើកកម្ពស់ការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដើម្បីអភិវឌ្ឍន៍បរិស្ថានសិក្សាប្រកបដោយភាពទាក់ទាញ និងមានប្រសិទ្ធភាព៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





