រដ្ឋមន្រ្តីក្រសួងបរិស្ថានលើកទឹកចិត្តចំពោះការវិនិយោគដែលគិតគូរលើភាពស្អាតក្នុងទឹករបស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញពីការលើកទឹកចិត្តដល់អ្នកវិនិយោគដែលមានបំណងធ្វើការវិនិយោគលើបច្ចេកវិទ្យានៃការគ្រប់គ្រងសំណល់រឹងនិងសំរាមប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ជាមួយនឹងប្រព្រឹត្តិកម្មទឹកកខ្វក់ (Waste Water Treatment) ដែលចាត់ទុកជាចំណុចស្នូលនៃការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ និងលុបបំបាត់ការបំពុលបរិស្ថាន។ នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មក្នុងជំនួបពិភាក្សាការងារជាមួយលោក Wang Bi’an ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Dongjiang Environmental Co., Ltd. នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

លោក Wang Bi’an ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Dongjiang Environmental Co., Ltd. បានបង្ហាញការស្វាគមន៍ និងពេញចិត្តចំពោះការរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីលើកកម្ពស់វិស័យបរិស្ថានកម្ពុជា ហើយតាមរយៈបទពិសោធន៍ជាង ២៥ឆ្នាំ ដែលផ្តោតលើសមត្ថភាពកែច្នៃសំណល់គ្រោះថ្នាក់រហូតដល់២.៨លានតោនក្នុងមួយឆ្នាំ និងមានបច្ចេកវិទ្យាទំនើបក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្រុមហ៊ុនមានជំនឿថានឹងរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការការពារ និងការអភិវឌ្ឍវិស័យបរិស្ថានប្រកបដោយនិរន្តរភាព។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ពីការគាំទ្រចំពោះការវិនិយោគទាំងអស់នៅកម្ពុជា ដែលយកចិត្តទុកដាក់លើវិស័យបរិស្ថាន ជាពិសេសការកែច្នៃសំរាម សំណល់ប្លាស្ទិក ដើម្បីប្រើប្រាស់ឡើងវិញបាន ដែលនឹងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា និងមានបំណងចូលរួមជាមួយយុទ្ធការនានារបស់ក្រសួងបរិស្ថាន ដើម្បីជួយឱ្យកម្ពុជាកាន់តែមានភាពស្អាត កម្ពុជាមានភាពបៃតង និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕



ដោយ៖ ដេប៉ូ





