សិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីការអនុវត្តរបៀបវារៈស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ ក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ -- លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធាននៃក្រុមប្រឹក្សាអាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ បានដឹកនាំសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីការអនុវត្តរបៀបវារៈស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ ក្នុងតំបន់ នាថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។

សិក្ខាសាលានេះមានការចូលរួមពីសំណាក់សមាជិកទាំងអស់របស់ក្រុមប្រឹក្សាស្រ្តី សន្តិភាព និងសន្តិសុខ (ASEAN Advisory Group on WPS) ប្រធាន សមាជិករបស់គណៈកម្មាធិការអាស៊ានស្តីពីស្ត្រី (ACW) សមាជិករបស់កិច្ចប្រជុំឧត្ដមមន្រ្តីការពារជាតិអាស៊ាន (ADSOM) សមាជិករបស់កិច្ចប្រជុំឧត្ដមមន្រ្តីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) លេខាធិការដ្ឋានអាស៊ាន ស្ថានបេសកកម្មកាណាដា អស្រ្តាលី ចក្រភពអង់គ្លេស ណូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងជប៉ុន ប្រចាំតំបន់អាស៊ាន អង្គការ UN Women មូលនិធិអាស៊ី (TAF) ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធដទៃទៀត តាមប្រព័ន្ធវីដេអូ។

សិក្ខាសាលាត្រូវបានធ្វើឡើងក្នុងគោលបំណង៖ ១. វាយតម្លៃព្រឹត្តិការណ៍សំខាន់ៗ ផ្លាស់ប្តូរចំណេះដឹងទាក់ទងទៅនឹងបញ្ហាប្រឈម បទពិសោធន៍ និងឧត្ដមានុវត្តន៍ ក្នុងការជំរុញរបៀបវារៈស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ។ ២. កំណត់ឱកាសសម្រាប់កិច្ចសហការ និងការស្វែងរកការគាំទ្រ នៅថ្នាក់តំបន់ និងថ្នាក់ជាតិ ព្រមទាំងផ្តល់ការណែនាំជាយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់ការអនុវត្តផែនការសកម្មភាពអាស៊ានស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ (RPA on WPS)។ ៣. ស្វែងរកយុទ្ធសាស្ត្រដើម្បីរួមបញ្ចូលរបៀបវារៈ ស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ ទៅក្នុងផែនការយុទ្ធសាស្រ្តអាស៊ាន Blueprints ក្រោយឆ្នាំ២០២៥ នៃសសរស្តម្ភសហគមន៍អាស៊ានទាំងបី រួមទាំងការស្វែងរកឱកាសយុទ្ធសាស្ត្រដើម្បីបង្កើន ភាពជាដៃគូ និងអន្តរាគមន៍ដើម្បីរៀបចំរបៀបវារៈស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ ក្នុងតំបន់។

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





