សំណង់ស្ថានីយបូមទឹកលូ៥សម្រេចបាន៧៥ភាគរយហើយនៃគម្រោងទាំងមូល
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥-- លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ថា សកម្មភាពសាងសង់ស្ថានីយបូមទឹកលូ៥ បានបំពាក់បន្ថែមម៉ូទ័របូមទឹកខ្នាតធំទំហំមុខកាត់១.៥ម៉ែត្រ ចំនួន២គ្រឿង និងទំហំមុខកាត់១ម៉ែត្រចំនួន១គ្រឿង មានសមត្ថភាពបូមទឹក១២ម៉ែត្រគូបក្នុង១វិនាទី នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកប្រធានមន្ទីរបានបន្ដថា ស្ថានីយបូមទឹកនេះនឹងកាត់បន្ថយការជនលិចដោយទឹកភ្លៀងនៅតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ គម្រោងសាងសង់ស្ថានីយបូមទឹកលូ៥ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៥ខាងមុខ។ វឌ្ឍនភាពនៃការសាងសង់គម្រោងទាំងមូល គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ សម្រេចបាន ៧៥%នៃគម្រោង៕

ដោយ សួស សំរិត





