កិច្ចការពារសំបុកសត្វត្រយងចង្កំកសនៅដែនជម្រកសត្វព្រៃលំផាត់នៅឆ្នាំ២០២៤-២០២៥ បានកើនចំនួន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ -- សត្វត្រយងចង្កំកសគឺជាប្រភេទសត្វស្លាបជិតផុតពូជបំផុត តែចំនួនសំបុករបស់វានៅដែនជម្រកសត្វព្រៃលំផាត់ បានបង្ហាញពីការកើនចំនួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

បើយោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ថា ក្នុងរដូវបន្តពូជឆ្នាំ ២០២៣-២០២៤ សំបុកចំនួន១៣ ត្រូវបានកត់ត្រា ខណៈដែលនៅឆ្នាំ២០២៤-២០២៥ បានកើនឡើងដល់១៦សំបុក ពោលគឺច្រើនជាងឆ្នាំមុនចំនួន៣សំបុក។ សំបុកជោគជ័យក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយក្នុងឆ្នាំ២០២៣-២០២៤មានសំបុកបរាជ័យចំនួន៦ និងសំបុកជោគជ័យចំនួន៧ ញាស់កូនហើរចេញបានចំនួន១៣ក្បាល។

ប្រភពខាងលើបានឱ្យដឹងបន្ថែមថា បើគេធ្វើការប្រៀបធៀបនឹងទិន្នន័យឆ្នាំ២០២៤-២០២៥ សំបុកបរាជ័យមានតែ២សំបុក ហើយសំបុកជោគជ័យមានដល់ចំនួន១៣សំបុក និងញាស់កូនបានចំនួន៣០ក្បាល ព្រមទាំងមានសំបុកមួយទៀតមេនៅក្រាបពងនៅឡើយ។ នេះបង្ហាញថាកើនឡើងបានកូនចំនួន១៧ក្បាល និងការកើនឡើងនេះ អាចបញ្ជាក់ឱ្យឃើញថាដែនជម្រកសត្វព្រៃលំផាត់ជាទីជម្រកដ៏ល្អ ដែលផ្តល់នូវធនធានសំខាន់ៗដូចជា ត្រពាំងធម្មជាតិ ដើមឈើសម្រាប់ធ្វើសំបុក និងទ្រនំនៅរដូវមិនបន្តពូជ ព្រមទាំងវាលស្រែដែលបានបោះបង់ចោលបានផ្តល់ជាទីតាំងរកចំណី និងការស្តារត្រពាំងដើម្បីជួយរក្សាទឹកក្នុងរដូវប្រាំង ជាពិសេសនៅភូមិស្រែជ្រៃ និងភូមិរយ៉។

យ៉ាងណាក៏ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថា បញ្ហាប្រឈមនៅតែមាន រួមទាំងកត្តារំខានពីសកម្មភាពរបស់មនុស្សនៅជិតទីតាំងសំបុក ការលួចយកពងកូន ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការលួចសំបុកពីសត្វស្លាបដទៃទៀត ជាកត្តាគំរាមគំហែងដល់ការបន្តពូជរបស់សត្វត្រយងចង្កំកស។ ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក្រុមការងារអង្គការជីវិតធម្មនៅកម្ពុជានិងក្រសួងបរិស្ថាននៅតែបន្តខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារព្រៃនេះដើម្បីបានជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយរបស់យើងបន្តទៀត៕
ដោយ៖ ដេប៉ូ





