កងពលតូចថ្មើរជើងលេខ៥២ប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ -- កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្ដិសុខឆ្នាំ២០២៤ និងដាក់ទិសដៅអនុវត្តបន្តឆ្នាំ២០២៥របស់កងពលតូចថ្មើរជើងលេខ៥២ បានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥។

ឯកឧត្តម ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងកងពលតូចថ្មើរជើងលេខ៥២ ក្នុងដំណើរការកសាង និងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដោយទទួលបានស្នាដៃ និងសមិទ្ធផលជាច្រើន ក្នុងរយៈកាលកន្លងមក ទោះបីជាបណ្តាអង្គភាព ស្ថាប័ន បានជួបប្រទះនូវការលំបាក ខ្វះខាត និងបញ្ហាប្រឈមនានាជាច្រើនក្តី។

នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវយកចិត្តទុកដាក់បន្តពង្រឹងវិន័យ សណ្ដាប់ធ្នាប់ របៀបរៀបរយ ពង្រឹងការគោរពច្បាប់ បទប្បញ្ញត្តិរបស់រដ្ឋ និងមានវិធានការទប់ស្កាត់ លុបបំបាត់ភាពអសកម្ម លុបបំបាត់គ្រឿងញៀន កាត់បន្ថយគ្រឿងស្រវឹង គោរពច្បាប់ចរាចរណ៍ផ្លូវគោក និងបន្តបង្រាបបទល្មើសព្រៃឈើ និងបទល្មើសនេសាទ កងទ័ពត្រូវមានស្មារតី ឆន្ទៈ មនសិការ បម្រើជាតិមាតុភូមិ ហើយស្មោះត្រង់ឥតងាករេ ប្ដេជ្ញាការពារ សន្តិភាព ច្បាប់រដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ ជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវចាញ់ឧបាយកល ឃោសនា អូសទាញ បោកបញ្ឆោតរបស់ពួកអមិត្ត។

ក្នុងពិធីនោះ ឯកឧត្តម ឯក សំអូន ក៏បានអញ្ជើញប្រគល់បណ្ណ-លិខិតសរសើរដល់អង្គភាពដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងឧបត្ថម្ភថវិកា ចំនួន ២ ០០០ ០០០រៀលផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





